
ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៣ ខែមិថុនា) នេះ បាននិយាយថា ការលេចឡើងជាថ្មីម្ដងទៀតនៃបាតុភូតអាកាសធាតុដ៏ត្រជាក់ La Nina នៅឆ្នាំនេះ គួរតែជួយបន្ថយសីតុណ្ហភាពបានមួយកម្រិត បន្ទាប់ពីមាននូវកម្ដៅក្ដៅខ្លាំងជាច្រើនខែ នៅទូទាំងសកលលោក។
នៅក្នុងការផ្ដល់បច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បានឲ្យដឹងថា ផលប៉ះពាល់ទំនងជានឹងត្រូវបានដឹង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយសារគំរូអាកាសធាតុក្ដៅខ្លាំង El Nino ដែលបានជួយជំរុញឲ្យសីតុណ្ហភាពសកលឡើងខ្ពស់ និងមានអាកាសធាតុក្ដៅស្ទើរឆេះ នៅជុំវិញពិភពលោក គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣ «កំពុងបង្ហាញពីសញ្ញាបញ្ចប់បណ្ដើរៗហើយ»។
តែទោះជាយ៉ាងណាក្ដី WMO បានព្រមានថា សីតុណ្ហភាពសកល នឹងបន្តឡើងខ្ពស់ក្នុងរយៈពេលវែង ដោយសារតែបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយស្នាដៃរបស់មនុស្ស ដែលបន្តធ្វើឲ្យអាកាសធាតុមានសភាពកាន់តែអាក្រក់ទៅៗ និងនាំឲ្យភ្លៀងធ្លាក់តាមរដូវ និងគំរូសីតុណ្ហភាពមានការប្រេប្រួល។
សូមជ្រាបថា បាតុភូតអាកាសធាតុ La Nina សំដៅលើការចុះត្រជាក់នៃសីតុណ្ហភាពផ្ទៃមហាសមុទ្រ នៅក្នុងផ្នែកដ៏ធំល្វឹងល្វើយនៃមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក ដែលអមដោយខ្យល់ ភ្លៀង និងការប្រែប្រួលនៃសម្ពាធបរិយាកាស។
នៅក្នុងទីតាំងជាច្រើន ជាពិសេសនៅតំបន់ត្រូពិក La Nina បង្កើតផលប៉ះពាល់អាកាសធាតុផ្ទុយពី El Nino ដែលធ្វើឲ្យផ្ទៃមហាសមុទ្រឡើងក្ដៅ ដែលនាំឲ្យមានគ្រោះរាំងស្ងួតនៅតំបន់ខ្លះរបស់ពិភពលោក និងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅកន្លែងផ្សេងទៀត៕