
សហជីពការងារធំៗរបស់ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃចន្ទ (ទី៣ ខែមិថុនា) នេះ បានបិទបណ្តាញផ្គត់ផ្គង់អគ្គិសនីជាតិ និងរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ នៅទូទាំងប្រទេស ខណៈដែលពួកគេបានចាប់ផ្តើមកូដកម្មមិនមានពេលកំណត់ ដើម្បីឆ្លើយតបនឹងការណ៍ដែលរដ្ឋាភិបាលមិនអាចឈានដល់ការព្រមព្រៀង ស្ដីអំពីប្រាក់ឈ្នួលអប្បបរមាថ្មី។
គួរបញ្ជាក់ថា នេះគឺជាកូដកម្មលើកទី៤ ហើយ ដែលធ្វើឡើងដោយសហជីព NLC និង TUC ជាសហជីពដ៏ធំបំផុតចំនួន២ របស់ប្រទេសនេះ គិតចាប់តាំងពីលោកប្រធានាធិបតី លោក Bola Tinubu ចូលកាន់តំណែងកាលពីឆ្នាំមុន។
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី (TCN) របស់ប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា សមាជិកសហជីពបានបណ្ដេញប្រតិបត្តិករចេញពីបន្ទប់គ្រប់គ្រងថាមពលរបស់ប្រទេស ហើយបិទស្ថានីយយ៉ាងហោចណាស់ចំនួន៦ ដែលនៅទីបំផុតបានបិទបណ្តាញអគ្គិសនីជាតិ នៅវេលាម៉ោង ២:១៩ព្រឹក (ត្រូវនឹងម៉ោង ១:១៩នាទី ម៉ោងសកល)។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ Ibom Air របស់នីហ្សេរីយ៉ា បានប្រាប់ថា ខ្លួនកំពុងផ្អាកជើងហោះហើររហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែកូដកម្ម ខណៈក្រុមហ៊ុនមួយទៀត គឺ United Nigeria បាននិយាយថា អាកាសយានដ្ឋានទូទាំងប្រទេស ត្រូវបានបិទ ហើយកម្មករដែលធ្វើកូដកម្ម មិនអនុញ្ញាតឲ្យជើងហោះហើរណាមួយរបស់ខ្លួនដំណើរការបានឡើយ៕