ពោធិ៍សាត់៖ ផ្សិតប៉ក់ ឬផ្សិតផូងផាំង គឺជាប្រភេទផ្សិតម្យ៉ាងដែលមានដុះជាហ្វូងតាមព្រៃភ្នំ ហើយផ្សិតប្រភេទនេះ ខុសពីផ្សិតធម្មតាព្រោះវាដុះនៅក្នុងដី ដែលមានរាងមូលដូចពងក្រួច សម្រាប់ខេត្តពោធិ៍សាត់ ផ្សិតប្រភេទនេះមានដុះច្រើននៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ។
ផ្សិតប៉ក់ ឬផ្សិតផូងផាំងនេះ អាចយកទៅច្នៃធ្វើជាម្ហូបមានរស់ជាតិឆ្ងាញ់ពិសារ ហើយមានតម្រូវការទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក ដូចនេះឱ្យតែដល់រដូវមានផ្សិតប្រភេទនេះ តែងតែមានឈ្មួញមកចាំប្រមូលទិញ ហើយប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលភាគច្រើនមកពីស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ និងស្រុកវាលវែង បានទៅស្វែងរុករកប្រមូលផលផ្សិតនេះពីតាមតំបន់ព្រៃភ្នំនានាក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពបន្ថែមពីលើការងារស្រែចំការ ។
បើតាមប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ដែលជាអ្នករកផ្សិតនេះលក់ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ផ្សិតប៉ក់ឬផ្សិតផូងផាំងនេះមានដុះច្រើន ចំពោះតំលៃប្រៀបធៀបនិងឆ្នាំមុនៗគឺដូចគ្នា តែតម្លៃផ្សិតប្រភេទនេះវាប្រែប្រួលតាមគុណភាពគឺនៅដើមរដូវប្រមូលផលផ្សិតនៅខ្ចីអាចលក់បាន៦ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយនៅចុងរដូវប្រមូលផលដោយសារផ្សិតកាន់តែចាស់ទៅៗ ធ្វើឱ្យមានតម្លៃថយចុះជាបន្តបន្ទាប់រហូតដល់ក្រោម១ម៉ឺនរៀលក្នុង១គីឡូក្រាម ។
គួរឱ្យដឹងដែរថា ផ្សិតប៉ក់ ឬផ្សិតផូងផាំង កើតចេញពីផេះផង់ នៃព្រៃ ឬរុក្ខជាតិដែលត្រូវបានភ្លើងឆេះក្នុងរដូវប្រាំង លុះត្រូវបានស្រោចស្រពដោយដំណក់ទឹកភ្លៀងក៏កើតចេញជាផ្សិតនេះឡើង មានដុះតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅដើមរដូវវស្សា ហើយក្នុងឆ្នាំ២០២៤នេះនៅស្រុកភ្នំក្រវាញ និងស្រុកវាលវែងផ្សិតនេះ គឺមានដុះពីចុងខែមេសា រហូតដល់ដើមខែមិថុនា ហើយវានឹងចាយមកលើដីទាំងអស់នៅពេលដែលមាន ភ្លៀងធ្លាក់ជោគជាំហើយនៅពេលនោះគឺគេលែងបរិភោគហើយ ៕ អត្ថបទ៖ ភិរុណ ពៅ