បាល់ទាត់៖ អតីតខ្សែប្រយុទ្ធ Barcelona, Bojan Krkic រកឃើញទ្រនំថ្មីហើយដោយផ្លាស់ទៅលេងនៅក្របខណ្ឌលីគកំពូលជប៉ុន Vissel Kobe។ កីឡាករវ័យ ៣០ឆ្នាំរូបនេះនៅទំនេរពីអាជីពបាល់ទាត់តាំងពីចុងឆ្នាំ២០២០ នៅពេលចាកចេញពីក្លិបកាណាដា Montreal Impact នៅក្របខណ្ឌអាមេរិក Major League Soccer។

Bojan Krkic បានចំណាយពេលជាច្រើនជុំវិញបាល់ទាត់អឺរ៉ុប ជាពិសេសនៅលីគកំពូលរបស់អឺរ៉ុប។ ជាយុវជនថ្នាលរបស់ Barcelona, Bojan ក៏បានឡើងមកកាន់ក្រុមធំនៅឆ្នាំ២០០៧ មុនពេលចាកចេញទៅកាន់ក្លិបអ៊ីតាលី AS Roma នៅឆ្នាំ២០១១ បន្តទៅ Ajax នៅឆ្នាំ២០១៣ មួយរដូវកាលមុនផ្ទេរមកកាន់ទឹកដីអង់គ្លេសជាមួយ Stoke City នៅឆ្នាំ២០១៤ ដល់ ២០១៩។ រយៈពេល ៥ឆ្នាំជាមួយ Stoke, Bojan ក៏បានចំណាញពេល ១រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅទឹកដីអាល្លឺម៉ង់ Mainz 05 និងទឹកដីអេស្ប៉ាញជាមួយ Alaves។ ការផ្លាស់មកកាន់ Vissel Kobe នេះ Bojan Krkic នឹងរួមអាជីពជាមួយអតីតមិត្តរួមក្រុម Andres Iniesta និងអតីតខ្សែការពារ Arsenal, Thomas Vermaelen៕
អត្ថបទ៖នាង សុភាវុធ