ក្រុមមន្ត្រីបាននិយាយថា ប្រទេសស្រីលង្កា នៅតែបន្តបិទសាលារៀនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេសកោះមួយនេះ បានកើនឡើងដល់ ១៦ នាក់។

ក្រសួងអប់រំបានប្រកាសថា ការបើកសាលារៀនឡើងវិញគឺអាស្រ័យលើការវិវត្តន៍នៃស្ថានភាពអាកាសធាតុ។
ភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសនេះ ចាប់តាំងពីថ្ងៃអាទិត្យចុង សប្ដាហ៍មុនមក ដោយបានជន់លិចផ្ទះសម្បែង ស្រែចំការ និងផ្លូវថ្នល់ ហើយបង្ខំឱ្យអាជ្ញាធរកាត់ផ្តាច់ចរន្តអគ្គិសនីជាការប្រុងប្រយ័ត្ន។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា មនុស្ស ១២ នាក់បានស្លាប់បន្ទាប់ពី ទឹកហូរកួច និងលង់ទឹកនៅជិតរដ្ឋធានីកូឡុំបូ និងតំបន់ដាច់ស្រយាល រ៉ាត់ថាភូរ៉ា (Rathnapura) ស្រុក ម៉ាតារ៉ា (Matara) និងស្រុកហ្គាឡេ (Galle) កាលពីថ្ងៃអាទិត្យ។ បីនាក់ទៀតបានស្លាប់ពេលបំណាក់ដីបាក់សង្កត់លើផ្ទះ ហើយមនុស្សម្នាក់ស្លាប់ពេលដើមឈើបាក់រលំលើ។
មជ្ឈមណ្ឌលដដែលនេះ បាននិយាយថា ដោយឡែកមនុស្ស៥នាក់បានរងរបួសនៅពេលបំណាក់ដីបានវាយប្រហារ និងបំផ្លាញផ្ទះពីរខ្នងនៅតំបន់ រ៉ាត់ណាភូរ៉ា(Ratnapura) ស្ថិតនៅចម្ងាយប្រហែល ៨៦គីឡូម៉ែត្រ ភាគអាគ្នេយ៍ពីរដ្ឋធានីកូឡុំបូ។
មជ្ឈមណ្ឌលខាងលើនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃចន្ទទី៣ មិថុនា មនុស្សជាង ៦.០០០នាក់ ត្រូវបានជម្លៀសទៅកាន់មជ្ឈមណ្ឌលជម្លៀស ហើយលំនៅឋានជាង១២.០០០ ខ្នង ត្រូវបានខូចខាត៕

