អាជ្ញាធរហ្វីលីពីន បានបញ្ជាឱ្យជម្លៀសប្រជាជនដែលរស់នៅក្បែរភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (០៤ មិថុនា) នេះ បន្ទាប់ពីការផ្ទុះដែលបានបញ្ជូនពពកផេះកម្ពស់ ៥ គីឡូម៉ែត្រទៅលើមេឃ។

ក្រុមមន្ត្រីរដ្ឋាភិបាលបានព្រមានពីលទ្ធភាពនៃការផ្ទុះភ្នំភ្លើង កាន់ឡាអន (Kanlaon) បន្ថែមទៀត ការធ្លាក់សំណុំផេះដ៏គ្រោះថ្នាក់ និងចំហាយក្លិនស្ពាន់ធ័រ។ ពួកគេក៏បានព្រមានផងដែរថាទន្លេនៅខាងក្រោមភ្នំភ្លើងមានហានិភ័យនៃទឹកជំនន់យ៉ាងគំហុក ល្បប់ភក់ និងគ្រោះថ្នាក់ផ្សេងទៀត។

នៅក្នុងខេត្ត ណេក្រូស អកស៊ីឌែនតាល់ (Negros Occidental) ដែលនៅជិតនោះ មនុស្សជាង ៧០០ នាក់កំពុងជ្រកកោននៅក្នុងមជ្ឈមណ្ឌលជម្លៀស នេះបើតាមអភិបាលក្រុង ហូសេ ឡាកសុន (Jose Lacson) បានប្រាប់ស្ថានីយវិទ្យុ DWPM ។ ការផ្ទុះរយៈពេល ៦ នាទីនេះបានជំរុញឱ្យមានការផ្អាកការងារ និងសាលារៀននៅក្នុងទីក្រុង កាន់ឡាអន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣ បានលុបចោលជើងហោះហើរចំនួន ៣២ ជើងនៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងាររញ្ជួយដីរបស់រដ្ឋបានបង្កើនកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងនេះ ដោយលើកឡើងថាការផ្ទុះបន្ថែមទៀតអាចកើតឡើង ខណៈក្រុមឆ្លើយតបត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីជម្លៀសអ្នកស្រុកទៅកាន់កន្លែងមានសុវត្ថិភាព។
ភ្នំភ្លើង កាន់ឡាអន ដែលជាភ្នំភ្លើងបន្ទុះសកម្មមួយក្នុងចំណោមពីររបស់ប្រទេសនេះ បានផ្ទុះចុងក្រោយនៅក្នុងខែធ្នូ ឆ្នាំ២០១៧។ ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់កងភ្លើងប៉ាស៊ីហ្វិក ជាទីដែលមានសកម្មភាពបន្ទុះភ្នំភ្លើង និងការរញ្ជួយដីខ្ពស់៕
