ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទទី៣មិថុនាសប្ដាហ៍នេះថា ការធ្វើអត្ថាធិប្បាយថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូសជូនៀរ (Ferdinand Marcos Jr) មានគោលបំណងពង្រីកជំហរខុសរបស់ហ្វីលីពីនលើបញ្ហាទាក់ទងនឹងសមុទ្រចិនខាងត្បូង និងចេតនាបំភ្លៃ និងដុតបញ្ឆេះស្ថានភាពដែនសមុទ្រឲ្យកាន់តែយ៉ាប់យ៉ឺនខ្លាំង។

លោក Marcos បានអះអាងថា ទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) និងសេចក្ដីសម្រេចចុងក្រោយរបស់តុលាតុមជ្ឈត្តកម្មអន្តរជាតិ ឆ្នាំ២០១៦ស្តីពីសមុទ្រចិនខាងត្បូង បានបញ្ជាក់ពីសិទ្ធិស្របច្បាប់របស់ប្រទេសលោក ហើយថាគោលនយោបាយរបស់ពួកគេនៅសមុទ្រចិនខាងត្បូងត្រូវបានបង្កើតឡើងនៅលើចំណុចស្នូលទាំងពីរនេះ។

ជាការឆ្លើយតប ប្រទេសចិនបានរិះគន់ សេចក្ដីសម្រេចចុងក្រោយរបស់តុលាតុមជ្ឈត្តកម្មអន្តរជាតិ ឆ្នាំ២០១៦ ថាជាការអះអាងខុសច្បាប់ និងទុកជាមោឃៈ។ ក្រសួងបាននិយាយថា ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលចិនជាមុន ហ្វីលីពីនបានផ្តួចផ្តើមជាឯកតោភាគីនូវមជ្ឈត្តកម្មអន្តរជាតិ ដែលបំពានច្បាប់អន្តរជាតិ រួមទាំង UNCLOS និងសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC)។
ក្រសួងរបស់ចិនខាងលើនិយាយថា តុលាការមជ្ឈត្តកម្មនៅក្នុងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានដោះស្រាយសំណុំរឿងជ្រុលហួសហេតុ និងចេញសេចក្តីសម្រេចមិនស្របច្បាប់។សេចក្ដីសម្រេចដែលបានបង្ហាញគឺខុសច្បាប់ ទុកជាមោឃៈ។ ប្រទេសចិនក៏មិនទទួលយក ហើយក៏មិនចូលរួមនៅក្នុងមជ្ឈត្តកម្មនោះ ហើយក៏មិនទទួលស្គាល់សេចក្ដីសម្រេចនោះដែរ ហើយខ្លួនក៏គ្មានថ្ងៃទទួលយកការអះអាង ឬសកម្មភាពណាមួយដែលកើតចេញពីសេចក្ដីសម្រេចរបស់តុលាការនោះដែរ ។
សហរដ្ឋអាមេរិកបានដើរតួនាទីដ៏ព្រងើយកន្តើយបំផុត ដោយគាំទ្រ និងជួយហ្វីលីពីន បំពានលើអធិបតេយ្យភាពរបស់ចិន និងដោយការកេងប្រវ័ញ្ចបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីជំរុញឱ្យមានជម្លោះរវាងចិន និងប្រទេសក្នុងតំបន់ផ្សេងទៀត៕
