ប្រជាជនអ៊ីស្រាអែល ដែលកំពុងតវ៉ានៅជិតស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃចន្ទ មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីយោធាអ៊ីស្រាអែល បាននិយាយថា ចំណាប់ថ្នូរអ៊ីស្រាអែល៤ នាក់ផ្សេងទៀត ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា បានស្លាប់នៅក្នុងកន្លែងឃុំឃាំង។

បុរសទាំង៤នាក់ ត្រូវបានគេថតកាលពេលនៅរស់ក្នុងវីដេអូចំណាប់ថ្នូរ បានបង្ហោះដោយក្រុមហាម៉ាស។ ក្រុមហាម៉ាស បាននិយាយថា បុរសម្នាក់ ឈ្មោះ ប៉ុបផលវែល(Popplewell) បានស្លាប់ដោយសាររងរបួស ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
ក្រុមបាតុករ កំពុងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា មានការផ្តល់ឲ្យថ្មីពីអ៊ីស្រាអែល ជុំវិញការដោះលែងចំណាប់ថ្នូរ ជាថ្នូរទៅនឹងបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ចំណាប់ថ្នូរអ៊ីស្រាអែលចំនួន៤នាក់បន្ថែមទៀត ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស បានស្លាប់នៅក្នុងកន្លែងឃុំឃាំង។

ក្នុងចំណោមមនុស្សជាង២៥០នាក់ ដែលត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ៧ ខែតុលា ប្រហែល ១២០ នាក់នៅតែស្ថិតក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។