មនុស្សជាង ២០០នាក់ រួមទាំងបុគ្គលិករៀបចំការបោះឆ្នោតរាប់សិបនាក់ដែលកំពុងបំពេញកាតព្វកិច្ចបោះឆ្នោត បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ខណៈប្រទេសនេះបានបន្តរងគ្រោះពីផលប៉ះពាល់នៃរលកកម្ដៅដ៏ធ្ងន់ធ្ងរ។
មនុស្សស្លាប់ជាង៨០ នាក់ ត្រូវគេរាយការណ៍ក្នុងរយៈពេលត្រឹមតែ ៧២ ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកស្លាប់ទាក់ទងនឹងរកលកកម្ដៅខ្លាំង ឡើងដល់ ២១១នាក់ នៅពេលនេះ ។

ក្នុងចំណោមអ្នកស្លាប់ទាំងនោះ យ៉ាងហោចណាស់៣៣នាក់ គឺជាបុគ្គលិកបម្រើការក្នុងកាតព្វកិច្ចបោះឆ្នោតដែលបានស្លាប់កាលពីថ្ងៃសៅរ៍នៅពេល ខណៈប្រទេសឥណ្ឌាកំពុងរៀបចំការបោះឆ្នោតដំណាក់កាលទី ៧ និងចុងក្រោយនៃការបោះឆ្នោតសកលរយៈពេល៦សប្តាហ៍របស់ខ្លួន។
មនុស្សទាំងនេះភាគច្រើនធ្វើការជាសន្តិសុខ បុគ្គលិកអនាម័យ និងបុគ្គលិកបោះឆ្នោតផ្សេងទៀត។
ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមទប់ទល់នឹងការហក់ឡើងស៊ីតុណ្ហភាពក្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅក្នុងរដ្ឋធានីដេលី បានឈរតម្រង់ជួរយ៉ាងវែងដើម្បីប្រមូលទឹកពីស៊ីទែន នានា ។
កាតព្វកិច្ចបោះឆ្នោតគឺជាភាពចាំបាច់ត្រូវតែបំពេញនៅក្នុងប្រទេសឥណ្ឌាសម្រាប់បុគ្គលិកផ្នែកសាធារណៈ។ ពួកគេត្រូវបានចាត់តាំងដោយគណៈកម្មការរៀបចំការបោះឆ្នោត មុនពេលការបោះឆ្នោតចាប់ផ្តើម៕
