មនុស្សរាប់ពាន់នាក់បានច្រៀង និងគ្រវីទង់ជាតិ ខណៈមកប្រមូលផ្តុំគ្នានៅទីលានប្រជុំជនមួយកន្លែងដើម្បីអបអរជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) ជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសម៉ិកស៊ិក។

នាង Maria អាយុ ៣៧ ឆ្នាំ ជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិចតូចូឡាបល(Tojolabal) បាននិយាយថា នាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកនៅពេលនាងបានស្តាប់ លោកស្រី Sheinbaum និយាយ ហើយនាងមកទីនេះដើម្បីអបអរ ពេលវេលាជាប្រវត្តិសាស្ត្រនេះ សម្រាប់ប្រទេសម៉ិកស៊ិក ជាពិសេសសម្រាប់ស្ត្រី ខណៈប្រទេសនេះត្រូវបានញាំញីដោយក្រុមជួញដូរគ្រឿងញៀន និងអំពើហិង្សាយេនឌ័រ ដែលបានឆក់យកអាយុជីវិតរបស់ស្ត្រី ឬក្មេងស្រី១០ នាក់ជាមធ្យម ជារៀងរាល់ថ្ងៃ។
លោកស្រី Sheinbaum ជាអ្នកវិទ្យាសាស្ត្រដោយការបណ្តុះបណ្តាល បានទទួលជ័យជម្នះប្រហែល ៥៨ទៅ៦០ភាគរយនៃសន្លឹកឆ្នោត នេះបើយោងតាមលទ្ធផលផ្លូវការបឋមពីវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ជាអ្នកឆ្វេងនិយមមួយរូប បានសាទរចំពោះ ជ័យជម្នះសម្រាប់លទ្ធិប្រជាធិបតេយ្យ និងបានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅអាមេរិកឡាទីន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen ក៏បានផ្ញើសារអបអរសាទរដោយនិយាយថា ម៉ិកស៊ិក និងសហភាពអឺរ៉ុប មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ដ៏ស៊ីជម្រៅ។ លោកស្រី ទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រោមការដឹកនាំរបស់លោកស្រី Sheinbaum ។
ជ័យជម្នះរបស់លោកស្រី បានធ្វើឲ្យមានការអបអរមកពីជុំវិញពិភពលោករួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានស្វាគមន៍ការបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់លោកស្រី Sheinbaum និងបាននិយាយថា លោក ទន្ទឹងរង់ចាំធ្វើការជាមួយលោកស្រី ក្នុងស្មារតីនៃភាពជាដៃគូ និងមិត្តភាព។