មេដឹកនាំនៃក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យធំៗទាំងប្រាំពីរ ឬ G7 គាំទ្រយ៉ាងពេញលេញ និងឈរនៅពីក្រោយបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ សម្រាប់សង្គ្រាមនៅតំបន់ហ្កាហ្សា ដែលបានបញ្ជាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកកិច្ចផែនការនេះ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបាននិយាយកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍និយាយថា កិច្ចព្រមព្រៀង នឹងនាំទៅរកបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ថ្នូរទាំងអស់ និងការបង្កើនយ៉ាងសំខាន់និងជានិរន្តរភាពនៃជំនួយមនុស្សធម៌ សម្រាប់ការចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ព្រមទាំងការបញ្ចប់វិបត្តិយូរអង្វែង ជាមួយនឹងផលប្រយោជន៍សន្តិសុខសម្រាប់អ៊ីស្រាអែល ហើយសុវត្ថិភាពជនស៊ីវិលតំបន់ហ្កាហ្សា ត្រូវតែបានធានា។

ក្រុមប្រទេសG7 ដែលអ៊ីតាលី មានតួនាទីជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤នេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រ សម្រាប់វិធីដែលអាចទុកចិត្តបាន ឆ្ពោះទៅរកសន្តិភាព នាំទៅរកដំណោះស្រាយរដ្ឋពីរ។
យោធាអ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរបួននាក់ទៀត ដែលក្រុមហាម៉ាសចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលា បានស្លាប់ក្នុងកន្លែងឃុំឃាំង ។