ក្រុមមន្រ្តីនិយាយថា នគរបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនចំនួន ៧០ នាក់ កាលពីថ្ងៃចន្ទ (០៣ មិថុនា) ពីបទយករបស់ដោយគ្មានការអនុញ្ញាត បន្ទាប់ពីពួកគេបានសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្នាក់នៅស្ថានកុងស៊ុលអ៊ីស្រាអែល ហើយបានបដិសេធមិនព្រមចាកចេញ។

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មន្រ្តីមានមូលហេតុដើម្បីចាប់ខ្លួនជនសង្ស័យចំនួន ៧០ នាក់ដែលបដិសេធមិនព្រមចេញពីអាគារ»។ ពុំមានការរងរបួសត្រូវបានគេរាយការណ៍ទេ ហើយសាក្សីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា នគរបាលបាននាំក្រុមអ្នកតវ៉ាចេញពីអគារម្តងម្នាក់ៗ ហើយបញ្ជូនចូលទៅក្នុងរថយន្តនគរបាល ដោយត្រូវបានចងដៃដោយខ្សែរ៉ូត។

សារព័ត៌មាន ក្រូនីខល (Chronicle) បានរាយការណ៍ពីទីតាំងតវ៉ានោះថា ក្រុមបាតុករដែលបញ្ចេញសំឡេងប្រឆាំងនឹងការលុកលុយរបស់អ៊ីស្រាអែលទៅកាន់តំបន់ហ្កាហ្សា ទាំងនោះបាននិយាយថា ពួកគេគ្រោងនឹងបន្តនៅក្នុងអគាររហូតដល់ត្រូវបានបណ្ដេញចេញដោយបង្ខំ។ ក្រុមរៀបចំបាតុកម្ម ដែលមានឈ្មោះថា បណ្ដាញជ្វីហ្វអន្តរជាតិ ប្រឆាំងនឹងជ្វីហ្វជ្រុលនិយម (IJAZN) បាននិយាយនៅលើបណ្ដាញអ៊ីនស្តាក្រាម (Instagram) ថាមានមនុស្ស ១០០ នាក់បានចូលរួមក្នុងការតវ៉ានោះ។
ស្ថានកុងស៊ុលអ៊ីស្រាអែល បាននិយាយថា ខ្លួនមានការហួសចិត្ត ប៉ុន្តែមិនភ្ញាក់ផ្អើលទេចំពោះក្រុមបាតុករដែលសម្រុកចូលទៅក្នុងបន្ទប់ទទួលភ្ញៀវនៃអគារស្ថានកុងស៊ុលនោះ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បានហៅក្រុមបាតុករទាំងនោះថាជា «អ្នកបះបោរគាំទ្រក្រុមហាម៉ាស»៕
