ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសប្រាប់ពីមូលហេតុចំនួន៩ចំណុច ដែលធ្វើឲ្យតម្លៃជីកសិកម្ម នៅក្នុងឆ្នាំ២០២១នេះ មានការឡើងថ្លៃខ្ពស់ជាងរាល់ឆ្នាំ និងធ្វើឲ្យមានការត្អូញត្អែរជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសកសិករធ្វើដំណាំស្រូវ ដោយបញ្ហានេះ គឺបានបង្កឡើងដោយវិបត្តិជាសកល នៃជំងឺកូវីដ១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភារីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យជួបនឹងបញ្ហាប្រឈម ។ ដោយឡែកផលិតកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា ឆ្នាំ២០២១នេះ បានពិនិត្យឃើញថាមានសន្ទុះ កើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មក៏មានសន្ទុះកើនឡើងផងដែរ ។
សេចក្តីប្រកាសបានបន្តថា នៅឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន ១០៣ ០០៥តោន និងជីកសិកម្មចំនួន ១ ៤០៦ ៧៧៥តោន ហើយនៅឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្មចំនួន ៤៧ ៤០៩តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២តោន ។
ប្រភពបន្ថែមថា ទន្ទឹមនឹងនេះជីកសិកម្ម ក៏មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅ ដោយផ្ដើមចេញមូលហេតុសំខានៗមួយចំនួន រួមមានទី១. បណ្ដាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្ម មិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីកម្ពុជា, ទី២. វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គងពីបណ្ដាប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេ និងប្រទេសអារ៉ាប់, ទី៣. ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហាការរាលដាលជំងឺកូវីដ១៩ មាននៅចិន ថៃ និងវៀតណាម ។ ទី៤. ការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារាលដាលនៃជំងឺកូវីដ១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានការសុខាភិបាល), ទី៥. ទន្ទឹមនឹងការបញ្ជាទិញពីកម្ពុជា នៅបណ្ដាប្រទេសផ្សេងៗក៏មានការបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ, ទី៦. ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ ។
ទី៧. ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួន មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្ដាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅក្នុងរោងចក្រផលិត, ទី៨. តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួន ប្តូរវិស័យផ្សេងៗ មកវិនិយោគលើវិស័យកម្ម និងទី៩. ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាព អាចផលិតជីកសិកម្មបាននៅឡើយ (មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ) ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានកសិករតាមបណ្ដាខេត្តមួយចំនួន ពិសេសនៅតំបន់មានប្រភពទឹកធំៗ និងមានការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក ទំនប់ស្ទាក់ទឹក និងមានប្រឡាយច្រើន បានបង្កើនការដាំដុះដំណាំស្រូវ ប្រភេទស្រូវស្រាល (ស្រូវបង្កើនរដូវ) ចំនួន២ ទៅ៣ដង ក្នុងមួយឆ្នាំ ទើបមានប្រើប្រាស់ជីកសិកម្មច្រើន និងមានតម្រូវការច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕
អត្ថបទ ៖ បាន សុខរិទ្ធ
