សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (០៣ មិថុនា) ថា ខ្លួនចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេចមួយដែលគាំទ្រសំណើសន្តិភាពលើកឡើងដោយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

សហរដ្ឋអាមេរិក បានបញ្ជូនពង្រាងសេចក្ដីសម្រេចចំនួនមួយទំព័រ ដែលត្រូវបានមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាន់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រូបនោះ។ សេចក្ដីសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ហើយគ្មានវេតូដោយសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន ឬរុស្ស៊ី ដើម្បីអនុម័ត។
ពង្រាងច្បាប់នេះអំពាវនាវឱ្យក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀង ហើយ «អនុវត្តឱ្យបានពេញលេញ និងអនុវត្តលក្ខខណ្ឌរបស់ខ្លួនដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ«។ វាក៏ «សង្កត់ធ្ងន់លើសារៈសំខាន់នៃភាគីទាំងពីរដែលប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដោយមានគោលបំណងនាំមកនូវការបញ្ចប់អរិភាពជាអចិន្ត្រៃយ៍»។
លោក បៃដិន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានដាក់ចេញនូវអ្វីដែលលោកបានពិពណ៌នាថាជាសំណើសន្តិភាពរបស់អ៊ីស្រាអែល ៣ ដំណាក់កាល សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល»ដោយនិយាយថា «វាដល់ពេលដែលសង្រ្គាមនេះត្រូវបញ្ចប់ហើយ» ខណៈទទួលបានប្រតិកម្មជាវិជ្ជមានដំបូងពីក្រុមហាម៉ាស និងការគាំទ្រពីក្រុមប្រទេសទាំង៧ (G7)៕

