គណៈវិនិច្ឆ័យនៅតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (០៣ មិថុនា) បានធ្វើការស្បថសម្រាប់ការកាត់ក្ដីក្នុងសំណុំរឿងលោក ហាន់ធឺ បៃដិន (Hunter Biden) លើបទចោទនៃការកាន់កាប់អាវុធដោយខុសច្បាប់ ដែលជាការកាត់ក្ដីបទព្រហ្មទណ្ឌជាប្រវត្តិសាស្ត្ររបស់កូនប្រុសប្រធានាធិបតីអាមេរិកកំពុងកាន់តំណែង ដែលអាចមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។

លោក ហាន់ធឺ បៃដិន វ័យ ៥៤ ឆ្នាំ បានចូលរួមការកាត់ក្ដីនៅឯតុលាការសហព័ន្ធនៅទីក្រុង វីលមីងតុន (Wilmington) រដ្ឋ ដេឡាវែរ (Delaware) បួនថ្ងៃបន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាគូប្រជែងរបស់លោក បៃដិន សម្រាប់ការបោះឆ្នោតអាមេរិក ថ្ងៃទី០៥ ខែវិច្ឆិកា បានក្លាយជាអតីតប្រធានាធិបតីដំបូងគេ ដែលត្រូវបានរកឃើញថាមានទោសពីបទព្រហ្មទណ្ឌ។

កូនប្រុសរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ត្រូវបានចោទពីបទមិនបានប្រាប់ពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលខ្លួនទិញកាំភ្លើងខ្លី ខូលត៍ ខូប្រា (Colt Cobra .38-caliber) និងបានកាន់កាប់អាវុធនេះដោយខុសច្បាប់អស់រយៈពេល ១១ ថ្ងៃក្នុងខែតុលា ឆ្នាំ២០១៨ ប៉ុន្តែលោកបានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទទាំងនេះ។ សំណុំរឿងដែលដាក់ដោយរដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិក លោក ដេវីដ វៃស៍ (David Weiss) ដែលជាអ្នកចាត់តាំងរបស់លោក ត្រាំ គឺជាសំណុំរឿងព្រហ្មទណ្ឌមួយក្នុងចំណោមពីររបស់លោក ហាន់ធឺ បៃដិន ហើយលោកក៏ប្រឈមនឹងការចោទប្រកាន់សហព័ន្ធជុំវិញករណីពន្ធក្នុងអជីវកម្មរបស់ខ្លួននៅរដ្ឋកាលីហ្វ័រនីញ៉ា (California) ផងដែរ។
គណបក្សសាធារណរដ្ឋ បានជីកកកាយយកបញ្ហារបស់លោក ហាន់ធឺ បៃដិន ដើម្បីព្យាយាមបង្វែរការយកចិត្តទុកដាក់ពីបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួនរបស់លោក ត្រាំ។ ពួកគេបានចំណាយអស់ច្រើនឆ្នាំដោយឥតប្រយោជន៍ក្នុងការព្យាយាមស្វែងរកភស្តុតាងនៃទំនាក់ទំនងពុករលួយរវាងជំនួញបរទេសរបស់លោក ហាន់ធឺ បៃដិន ជាមួយនិងអំណាចនយោបាយរបស់ឪពុកខ្លួនគឺលោកប្រធានាធិបតី ចូ បៃដិន៕
