ព្រះរាជពិធីឆាកមហាបង្សុកូល ឆ្លងខួបគម្រប់ ១០០ថ្ងៃ ថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា "មហាវីរសង្ឃសិរីធម្មរាជ" ត្រូវបានប្រារព្ធឡើងនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ,ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា "មហាវីរសង្ឃសិរីធម្មរាជ" បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ពុទ្ធបរិស័ទ្ធ ចូលរួមព្រះរាជពិធីឆាកមហាបង្សុកូល វេរ ថ្វាយមហាសង្ឃទាន ចំពោះសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះឧត្តមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី, ព្រះរាជាគណៈព្រះមេគណ ព្រះគ្រូអនុគណ ចំនួន 93 ព្រះអង្គ ដារពិស្តារ ពហូទេវា រាប់បាត្រ និងទស់បន្លុងដោយសម្តេចព្រះសង្ឃ១២ព្រះអង្គ ជាកិច្ចឆ្លងបុណ្យ ខួបគម្រប់១០០ថ្ងៃ ឧទ្ទិសថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា "មហាវីរសង្ឃសិរីធម្មរាជ"។
ឆ្លៀតឱកាសក្នុងព្រះរាជពិធីសម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណាលោម បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា គណៈសង្ឃនាយកកម្ពុជា ព្រះមេគណ ព្រះមន្រ្តីសង្ឃ រាជធានី-ខេត្ត ពុទ្ធិកសាកលវិទ្យាល័យ ពុទ្ធិកវិទ្យាល័យ ចាប់តាំងពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា "មហាវីរសង្ឃសិរីធម្មរាជ" ទ្រង់បានយាងចូលទិវង្គត កាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ ដើម្បីជាការរំលឹកនូវព្រះគុណដ៏មហាធំធេង បានអញ្ជើញ និងនិមន្ត ប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព រយៈពេល ៩៥ថ្ងៃ និងព្រះរាជពិធីមហាសង្ឃទាន រយៈពេល ៣ថ្ងៃ ចម្រើនព្រះបរិត្ត សត្តប្បករណាភិធម្មបង្សុកូល ឱទ្ទិសនូវមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលបានចូលព្រះទិវង្គតទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គបានយាងគង់ប្រថាប់ក្នុងទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រះបរមសុខ កុំបីអាក់ខានឡើយ។
ការយាងចូលទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់នូវឥស្សរសមណសង្ឃពហុស្សូតជាន់ខ្ពស់មួយព្រះអង្គ របស់សាសនា ជាព្រះបិតាសង្ឃ និងព្រះស្ថាបនិកព្រះសង្ឃ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយតម្លៃព្រះពុទ្ធសាសនា និងសង្គមជាតិ ប្រកបដោយព្រះស្មារតីទទួលខុសត្រូវខ្ពស់ និងក្នុងមួយព្រះជន្មរបស់សម្តេច បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណក្នុងបុព្វហេតុព្រះពុទ្ធសាសនា សង្គមជាតិ វប្បធម៍ អរិយធម៌ អក្សរសាស្រ្ត និងបានស្ថាបនានូវស្នាមព្រះហត្ថយ៉ាងច្រើនអនេកទាំងពុទ្ធចក្រ និងអាណាចក្រ ទុកសម្រាប់បច្ឆាជនប្រើប្រាស់ ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តទៅអនាគត៕អត្ថបទ រដ្ឋា





