សមាជិកក្រុមប្រឹក្សាខណ្ឌ៧មករាដែលជាប់ក្នុងអាណត្តិទី៤ នៅរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈ និងតម្រូវការរចាំបាច់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ស្របពេលថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ មានសមាជិកក្រុមប្រឹក្សាថ្មីរបស់ខណ្ឌ៧មករា ក្នុងរាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ថា ក្នុងនាមសមាជិកក្រុមប្រឹក្សាដែលទទួលបានសំឡេងគាំទ្រពីអ្នកបោះឆ្នោត បានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលរៀបចំដោយ គ.ជ.ប និងលើកឡើងពីការត្រៀមលក្ខណៈរួចរាល់ក្នុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមសហការជាមួយអាជ្ញាធរឈរលើស្មារតីរួមគ្នាសំដៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
សមាជិកក្រុមប្រឹក្សាថ្មីបានលើកឡើងថា ក្នុងពេលទទួលបានការតែងតាំងជាសមាជិកក្រុមប្រឹក្សានាពេលខាងមុខ នឹងចូលរួមចំណែកដល់ការផ្តល់សេវាសាធារណៈ ការពារសន្តិសុខសុវត្ថិភាពសង្គម និងឆ្លើយតប ហើយចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយដែលប្រជាពលរដ្ឋប្រឈម។
សមាជិកក្រុមប្រឹក្សាអាណត្តិទី៤នេះ បានប្ដេជ្ញាថា ក្នុងពេលកាន់តំណែងនឹងចូលរួមឱ្យបានគ្រប់កិច្ចប្រជុំវិសាមញ្ញជាមួយរដ្ឋបាលខណ្ឌ និងវេទិកាសាធារណៈឱ្យបានញឹកញាប់ ដើម្បីស្តាប់ និងទទួលរាល់ការស្នើសុំ និងសំណើទាំងអស់របស់ប្រជាពលរដ្ឋឱ្យធានាបាននូវគុណប្រយោជន៍ សម្រាប់មូលដ្ឋានប្រកបដោយទៅសុខដុមនីយកម្ម។
សូមជម្រាបថា ការប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ត្រូវបានរំកិលមករៀបចំប្រកាសមុនកាលបរិច្ឆេទកំណត់ដោយប្តូរពីថ្ងៃទី៨ ខែមិថុនា មកប្រកាសថ្ងៃទី៤ ខែមិថុនា បន្ទាប់ពី គ.ជ.ប បានដោះស្រាយបណ្តឹងរួចរាល់ជូនគណបក្សនយោបាយដែលបានប្តឹងអំឡុងការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៥ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ ៩៩,៧៩ ភាគរយ៕ អត្ថបទ សេក ឧត្តម
