បាល់ទាត់៖ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធជួរមុខ Danny Ings ទៅកាន់ Aston Villa ក្លិបបាល់ទាត់ Southampton ត្រូវបានគេដឹងថា រកបានអ្នកជំនួសតំណែងនេះហើយគឺខ្សែប្រយុទ្ធ Blackburn Rovers, Adam Armstrong។

កីឡាករវ័យ ២៤ឆ្នាំ Adam Armstrong ត្រូវពិនិត្យសុខភាពជាមួយ Southampton នៅថ្ងៃអង្គារនេះមុនការផ្ទេរដែលគេដឹងថា នឹងអាចមានតំលៃលើសពី ២០លានផោន។ Adam Armstrong ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ប្រកួតឱ្យ Blackburn Rovers នៅក្របខណ្ឌ League Championship រដូវកាលមុន។ Adam Armstrong ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមយុវជនអាយុក្រោម ២១ឆ្នាំអង់គ្លេសផងដែរនោះ បានចាប់ផ្តើមអាជីពដំបូងរបស់ខ្លួនជាមួយ Newcastle United និងធ្លាប់ចំណាយពេលជាច្រើនជាកីឡាករខ្ចីជើងនៅ Coventry, Barnsley, Bolton និង Blackburn មុនពេល Blackburn ទិញផ្តាច់នៅឆ្នាំ ២០១៨។ Southampton ដែលបញ្ចប់លេខ ១៥ នៅ Premier League រដូវកាលមុននឹងចាប់ផ្តើមរដូវកាលថ្មីចុងសប្តាហ៍នេះជួបជាមួយ Everton នៅទឹកដី Goodison Park៕
អត្ថបទ៖នាង សុភាវុធ