ជើងហោះហើរប្រមាណ ២០០ ត្រូវបានលុបចោល ឬបង្វែរទិសដៅចេញពីអាកាសយានដ្ឋានអន្តរជាតិ Lima ប្រទេសប៉េរូ ហើយអ្នកដំណើររាប់ពាន់នាក់ បានព្យាយាមរៀបចំការធ្វើដំណើរក្នុងស្រុក ឬអន្តរជាតិ របស់ពួកគេកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការរបស់ស្ថានីយ ត្រូវបានផ្អាករយៈពេល ១០ ម៉ោង ដោយសារតែការដាច់ចរន្តអគ្គិសនី នៅផ្លូវរត់របស់យន្តហោះ។

អ្នកគ្រប់គ្រងស្ថានីយ បាននិយាយថា ការដាច់ចរន្តអគ្គិសនី បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ហើយជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ដែលកំណត់ពេលមកដល់អាកាសយានដ្ឋាន Lima ត្រូវបានបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋានផ្សេងទៀត ក្នុងប្រទេសប៉េរូ និងនៅក្នុងប្រទេសជិតខាងដូចជា ប្រទេសឈីលី កូឡុំប៊ី និងប្រទេសអេក្វាឌ័រ។

រូបភាពរបស់សារព័ត៌មាន Reuters និងទូរទស្សន៍ក្នុងស្រុក បានបង្ហាញអ្នកដំណើររាប់រយនាក់ កំពុងតម្រង់ជួរ និងស្វែងរកកាលវិភាគជើងហោះហើរក្នុងស្រុក ឬអន្តរជាតិរបស់ពួកគេឡើងវិញ ឬត្រៀមខ្លួនឡើងយន្តហោះដែលបានពន្យារពេល ខណៈអ្នកផ្សេងទៀតបានដេកនៅច្រកផ្លូវ ឬលើកៅអីនៅអាកាសយានដ្ឋាន ដើម្បីរង់ចាំព័ត៌មាន។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ប៉េរូគ្រប់គ្រងដោយរដ្ឋ និងសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្ម នៅក្នុងសារមួយនៅលើបណ្តាញសង្គម X បាននិយាយថា ការដាច់ចរន្តអគ្គិសនី គឺបណ្តាលមកបណ្តាញអគ្គិសនី នៅផ្លូវរត់របស់ស្ថានីយ។