ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យមន្ត្រីបន្តអភិវឌ្ឍសមត្ថភាព ខិតខំប្រឹងប្រែងបំពេញបន្ថែម នូវចំណុចខ្វះខាត ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត និងស្របទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ ។
ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ឯកឧត្តម បានថ្លែងថា កម្ពុជាជាប្រទេសដែលទើបតែងើបផុតពីភ្នក់ភ្លើងនៃសង្គ្រាម ដូច្នេះយើងទាំងអស់គ្នា គប្បីនាំគ្នាកសាងប្រទេសជាតិឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត ដោយត្រូវរៀបចំក្រុងផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចតំបន់ ដូចជាតំបន់ឆ្នេរ តំបន់ភាគឦសាន តំបន់បឹងទន្លេសាប និងតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនជាដើម ដើម្បីស្រូបចំណូលចូលថវិកាជាតិ ថែរក្សាការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញការងាររៀបចំក្រុង ឱ្យមានសោភ័ណភាព មានលំហសាធារណៈ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។
ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា លើសពីនេះ ត្រូវកសាងលំនៅឋានតម្លៃសមរម្យ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងធ្វើឱ្យពលរដ្ឋបរទេសទាំងក្នុងតំបន់ និងពិភពលោកមានបំណងប្រាថ្នាចង់មករស់នៅលើទឹកដីកម្ពុជាដ៏ស្រស់ត្រកាលក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ៕ អត្ថបទ៖ បាន សុខរិទ្ធិ







