អ្នកស្រុកបានប្រាប់អ្នកសារព័ត៌មានមួយថា យន្តហោះយោធាយោធាមួយគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនលើពិធីមង្គលការមួយ ដោយបានសម្លាប់មនុស្ស ២៤ នាក់ និងប្រហែល ៣០នាក់ទៀតរងរបួសនៅក្នុងតំបន់ សាហ្គេង (Sagaing) របស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី៣មិថុនា។

អ្នកភូមិម្នាក់ឈ្មោះ យូ តាយ (U Htay)បាននិយាយថា បន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ កងទ័ពរដ្ឋាភិបាលបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់ចូលទៅក្នុងភូមិ ម៉ា ត (Ma Taw) ក្នុងសង្កាត់ មីនហ្គីន (Mingin) ដោយបង្ខំឱ្យប្រជាជនជាង ២.០០០នាក់ មកពីភូមិនៅក្បែរៗនោះចំនួន៦ ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។
លោកបានបន្តថា គ្រាប់បែកនោះត្រូវបានទម្លាក់ផ្ទាល់ទៅក្នុងពិធីមង្គលការនៅម៉ោង ៨ និង ១៥ នាទីព្រឹក ថ្ងៃចន្ទ ។ ពេលនោះកូនកំលោះ -កូនក្រមុំ កំពុងធ្វើដំណើរទៅវត្តក្នុងភូមិ ហើយមិនមានរបួសទេ ។
លោកបានបន្តថានៅតាមតំបន់ជនបទ កន្លែងចម្អិនអាហារ រោងទទួលទានអាហារ និងកន្លែងផ្ដល់វុត្ថុអានុស្សាវរីយពិធីមង្គលការ គឺនៅក្នុងកន្លែងផ្សេងៗគ្នា។ គ្រាប់បែកបានវាយប្រហារតំបន់ភាគកណ្តាល បណ្តាលឲ្យមនុស្សទាំងអស់នៅទីនោះរងការវាយប្រហារ។
អ្នកស្រុកម្នាក់ទៀត បាននិយាយថា ដោយសារតែអ្នករបួសធ្ងន់ច្រើន ដូច្នេះចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត ។កុមារវ័យ៨ឆ្នាំម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ៕
