យាន ឆាងអឺ-៦ (Chang'e-6) របស់ប្រទេសចិន បានហោះចេញពីផ្នែកឆ្ងាយនៃឋានព្រះចន្ទដោយនាំយកគំរូប្រមូលបាន ចាប់ផ្តើមធ្វើដំណើរត្រឡប់មកផែនដីវិញ ដែលនេះជាស្នាដៃមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររុករកឋានព្រះចន្ទរបស់មនុស្ស នេះបើតាមរដ្ឋបាលអវកាសជាតិរបស់ប្រទេសចិន (CNSA) បានប្រកាសនៅថ្ងៃអង្គារ (០៤ មិថុនា)។

ការចាកចេញដោយជោគជ័យរបស់យាននេះពីឋានព្រះចន្ទមានន័យថា ប្រទេសចិន កាន់តែខិតជិតក្លាយជាប្រទេសដំបូងគេដែលនាំយកនូវគំរូពីផ្នែកឆ្ងាយព្រះចន្ទ ដែលបែរមុខទៅឆ្ងាយជាអចិន្ត្រៃយ៍ពីផែនដី។ យាន ដែលបានចាកចេញពីព្រះចន្ទនៅម៉ោង ៧:៣៨ នាទីព្រឹក (ម៉ោងក្នុងស្រុក) បានបញ្ចប់ដោយជោគជ័យនូវការប្រមូលគំរូរបស់ខ្លួនចាប់ពីថ្ងៃទី២-៣ ខែមិថុនា។

រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យាន ឆាងអឺ-៦ «បានទប់ទល់នឹងការសាកល្បងនៃសីតុណ្ហភាពខ្ពស់នៅផ្នែកឆ្ងាយរបស់ព្រះចន្ទ»។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួរ បានឱ្យដឹងថា យាននេះបានប្រើឧបករណ៍ខួង និងដៃយន្ត ដើម្បីជីកដីនៅលើ និងខាងក្រោមផ្ទៃព្រះចន្ទ។
រដ្ឋបាលអវកាសចិន CNSA បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា យានអវកាសនេះកំពុងស្ថិតនៅក្នុងគន្លងព្រះចន្ទ ហើយនឹងចូលរួមជាមួយយានអវកាសមួយផ្សេងទៀតនៅក្នុងគន្លងគោចរ។ គំរូទាំងនោះនឹងត្រូវបានផ្ទេរទៅកាន់យានម៉ូឌុល ដែលនឹងហោះហើរត្រឡប់មកផែនដីវិញ ជាមួយនឹងការចុះចតនៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន ដែលរំពឹងទុកនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ៕
