ក្រុមកសិករអេស្ប៉ាញ និងបារាំង បាននាំគ្នាបិទផ្លូវនៅតាមព្រំដែនឆ្លងកាត់ជួរភ្នំ ភីរ៉េនីស (Pyrenees) កាលពីថ្ងៃចន្ទ (០៣ មិថុនា) មុនការបោះឆ្នោតសភាអឺរ៉ុប ដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងអយុត្តិធម៌ពីខាងក្រៅសហភាពអឺរ៉ុប។

កាលពីដើមឆ្នាំនេះ ក្រុមកសិករបាននាំគ្នាតវ៉ាបិទផ្លូវជាច្រើនសប្តាហ៍នៅក្នុងប្រទេសនានាទូទាំងសហភាពអឺរ៉ុប ដោយនិយាយថាពួកគេកំពុងប្រឈមមុខនឹងកំណើនថ្លៃចំណាយ និងពន្ធខ្ពស់ សេវាលុយក្រោមតុ បទប្បញ្ញត្តិបរិស្ថានហួសហេតុ និងការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលអាហារថោក។

ជាមួយនឹងការបោះឆ្នោតសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦-៩ ខែមិថុនា ក្រុមកសិករបារាំង និងអេស្ប៉ាញ បានប្រើប្រាស់ត្រាក់ទ័ររាប់សិបគ្រឿងដើម្បីបិទព្រំដែនទាំងពីរនៅលើផ្លូវហាយវេ អេភី-៨ (AP-8) នៅក្នុងសហគមន៍ជនជាតិភាគតិច បាស្គ៍ (Basque) និងផ្លូវហាយវេ អេភី-៧ (AP-7) នៅតំបន់ កាតាឡូនី (Catalonia)។ សប្តាហ៍នៃការតវ៉ារបស់កសិករ បានបង្ខំសហភាពអឺរ៉ុប ក្នុងខែឧសភា ឱ្យបន្តការឧបត្ថម្ភធនរយៈពេលប្រាំមួយខែ ដើម្បីគាំទ្រដល់វិស័យកសិកម្មរបស់ប្លុក ២៧ ប្រទេសមួយនេះ។

សហភាពអឺរ៉ុប ក៏បានកាត់បន្ថយផ្នែកខ្លះនៃគោលនយោបាយបរិស្ថាន បៃតង (Green Deal) របស់ខ្លួនផងដែរ ដោយដកចេញនូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកសិកម្មពីផែនទីបង្ហាញផ្លូវអាកាសធាតុឆ្នាំ២០៤០ របស់ខ្លួន។ ការបោះឆ្នោតសភាអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ (០៦ មិថុនា) ប៉ុន្តែប្រទេសភាគច្រើន បានចាប់ផ្ដើមការបោះឆ្នោតមុនពេលតាំងពីថ្ងៃអាទិត្យមក៕