នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) អាចនឹងបង្ខំចិត្តជ្រើសរើស៖យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស ឬរក្សារដ្ឋាភិបាលរបស់ខ្លួន ឲ្យបន្តកាន់អំណាច។

ប៉ុន្តែនៅពេលដែលខ្លួនប្រឈមមុខនឹងជម្រើសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏កំពុងស្វែងរកវិធី ដើម្បីជៀសវាងបញ្ហាទាំងនេះដែរ។
អស់រយៈពេលជាច្រើនខែមកហើយ លោក ណេតាន់យ៉ាហ៊ូ បានធ្វើឲ្យមានតុល្យភាពយ៉ាងខ្ជាប់ខ្ជួននូវតម្រូវការប្រកួតប្រជែងទាំងនេះ ដោយបដិសេធមិនគិតពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ ខណៈដែលលោក បានស្តីបន្ទោស «ការទាមទារដោយចេតនា» របស់ក្រុមហាម៉ាសចំពោះការបរាជ័យនៃការចរចាមុនៗ។ ប៉ុន្តែបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ជាសាធារណៈនូវសំណើបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ដែលជារឿងមួយដែលអាចនាំទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយដែលក្រុមហាម៉ាស អាចនឹងត្រៀមខ្លួនទទួលយក។ ចំណែឥឡូវនេះ លោក ណេតាន់យ៉ាហ៊ូ អស់ពេលវេលាហើយ។

លោក Aviv Bushinsky អតីតទីប្រឹក្សារបស់លោក ណេតាន់យ៉ាហ៊ូ ដោយប្រើឈ្មោះហៅក្រៅរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«ខ្ញុំគិតថា Bibi ឥឡូវនេះ ឈានដល់ដំណាក់កាលទាល់ច្រកហើយ។ លោក បៃដិន «បង្ខំឲ្យ Bibi ដោះរបាំងមុខ ហើយនិយាយថា៖ «OK» ឥឡូវនេះ ជាពេលវេលាដ៏មានតម្លៃ ។ តើអ្នកពេញចិត្ត នឹងកិច្ចព្រមព្រៀងឬទេ?
នៅពេលដែលអ៊ីស្រាអែល កំពុងរង់ចាំការឆ្លើយតបរបស់ក្រុមហាម៉ាសចំពោះសំណើចុងក្រោយនេះ រដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben Gvir និងសមាជិកស្តាំនិយមដទៃទៀតនៃរដ្ឋាភិបាលចម្រុះរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងគំរាមកំហែងរួចហើយថា នឹងរុះរើរដ្ឋាភិបាល និងបណ្តាលឲ្យមានការដួលរលំ ប្រសិនបើលោកនាយករដ្ឋមន្ត្រី ធ្វើតាមនោះ។