អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងល្បាតដើម្បីការពារជនភៀសខ្លួនមួយចំនួនក្នុងចំណោមជនភៀសខ្លួន ១៥០.០០០ នាក់ ដែលភៀសខ្លួនចេញពីការប្រយុទ្ធគ្នា នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។

លោក Farhan Haq អ្នកនាំពាក្យរង របស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍កន្លងទៅនេះ រវាងក្រុមប្រដាប់អាវុធ M23 និងកងកម្លាំងប្រដាប់អាវុធកុងហ្គោ នៅភាគខាងត្បូងក្រុង កានយ៉ាបាយ៉ុងហ្កា(Kanyabayonga) ក្នុងទឹកដីខេត្ត North Kivu។

លោក Haq បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការប្រយុទ្ធគ្នា បានបង្កឱ្យជនស៊ីវិលភៀសខ្លួនចេញពីលំនៅឋាន ឆ្ពោះទៅកាន់ តំបន់ផ្សេងៗជាច្រើន ដែលពួកគេគិតថាមានសុវត្ថិភាព។
ក្នុងការឆ្លើយតប កងរក្សាសន្តិភាព ដោយមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធកុងហ្គោ បានដាក់ពង្រាយការល្បាតជុំវិញក្រុង Kanyabayonga ដើម្បីជួយដល់បុរស ស្ត្រី និងកុមារមួយចំនួនក្នុងចំណោមជនភៀសខ្លួន១៥០.០០០នាក់ ដែលបានភៀសខ្លួនចេញពីការប្រយុទ្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
លោកនិយាយថា ក្រុមល្បាតកំពុងផ្តល់ការថែទាំសុខភាព និងតាមអមប្រជាជនទៅកាន់តំបន់មានសុវត្ថិភាព ហើយក្រុមបេសកកម្ម កំពុងរក្សាវត្តមានរបស់ខ្លួននៅទីនោះ។
