រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសប៉ូឡូញ បានចាប់ខ្លួនមនុស្សចំនួន ១៨នាក់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ជុំវិញការចោទប្រកាន់ផ្សេងៗគ្នានៃការបន្តសកម្មភាពអរិភាព ឬរៀបចំផែនការបំផ្លិចបំផ្លាញ ក្នុងនាមប្រទេសរុស្ស៊ី និងប្រទេសបេឡារុសដែលនៅជិតខាង ហើយយ៉ាងហោចណាស់មនុស្សម្នាក់ បានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Tomasz Siemoniak បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនចំនួន ១០នាក់ ចាប់តាំងពីខែធ្នូ គឺជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការរៀបចំផែន ការបំផ្លិចបំផ្លាញជាច្រើន ដូចជាការដុតបំផ្លាញនៅទូទាំងប្រទេសប៉ូឡូញ។

ជនជាតិប៉ូឡូញ បេឡារុស និងអ៊ុយក្រែន គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង។
រដ្ឋអាជ្ញាប៉ូឡូញ បាននិយាយថា បុរសជនជាតិប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ជុំវិញការចោទប្រកាន់ថា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើចារកម្មសម្រាប់ចារកម្មយោធារបស់ប្រទេសរុស្ស៊ី នៅក្នុងផែនការដែលត្រូវបានចោទប្រកាន់ ដើម្បីធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy )។ បុរសនោះ ត្រូវបានគេចោទប្រកាន់ថា កំពុងស្វែងរកទំនាក់ទំនងជាមួយជនជាតិរុស្ស៊ី ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថា នឹងបញ្ជូនព័ត៌មានលម្អិតអំពីអាកាសយានដ្ឋានយុទ្ធសាស្ត្រ Rzeszow-Jasionka នៅជិតព្រំដែនប្រទេសប៉ូឡូញជាមួយអ៊ុយក្រែន។