មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បានប្រាប់សារព័ត៌មាន NBC News ថា ការពិណ៌នារបស់លោកប្រធានាធិបតី ចូ បៃដិន អំពីសំណើបទឈប់បាញ់របស់អ៊ីស្រាអែល គឺ «មិនច្បាស់លាស់ទេ ខណៈដែលការសង្ស័យ បានកើនឡើងកាលពីថ្ងៃចន្ទ ជុំវិញជំហររបស់សម្ព័ន្ធមិត្តអាមេរិក លើកិច្ចព្រមព្រៀងនេះ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃសុក្រថា លោកកំពុងគូសបញ្ជាក់អំពីសំណើបទឈប់បាញ់ ដែលធ្វើឡើងដោយអ៊ីស្រាអែល និងបានអនុម័តដោយអ្នកសម្របសម្រួលដល់ក្រុមហាម៉ាស។
ប៉ុន្តែមន្ត្រីរូបនេះ បានចោទសួរអំពីការពិពណ៌នារបស់លោក បៃដិន អំពីសំណើបទឈប់បាញ់ ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីទីក្រុងវ៉ាស៊ីនតោន និងក្រុមគ្រួសារនៃចំណាប់ថ្នូរនៅម្ខាង និងរដ្ឋមន្ត្រីស្តាំនិយមដែលគំរាមកំហែងទម្លាក់រដ្ឋាភិបាលរបស់ខ្លួន នៅម្ខាងទៀត បាននិយាយថា លោក បៃដិន បានដាក់ចេញតែផ្នែកខ្លះនៃសំណើរបស់ អ៊ីស្រាអែលប៉ុណ្ណោះ។

មន្ត្រីរូបនេះ ពិតជាសង្ស័យថា អ៊ីស្រាអែល បានយល់ព្រមដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដើម្បីដោះលែងចំណាប់ថ្នូរនៅសេសសល់ ប្រហែល ១២៥នាក់ ដែលកំពុងជាប់ឃុំនៅទីនោះ។
មន្ត្រីដដែល បានអះអាងថា៖«អ៊ីស្រាអែល មិនបានផ្លាស់ប្តូរលក្ខខណ្ឌ ដើម្បីឈានដល់បទឈប់បាញ់ជា អចិន្ត្រៃយ៍ទេ។ វានឹងកើតឡើង បន្ទាប់ពីគោលដៅរបស់យើង ត្រូវបានសម្រេច រួមទាំងការបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស»។