កំពង់ឆ្នាំង ៖ សាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨លើកទី១ដែលបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក សួន ផល្លា អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ព្រមទំាងមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគេបាល ជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង និង លោក លោកស្រី ថ្នាក់ដឹកនាំសាលានគរបាលជាតិភូមិភាគ៦ ស្នងការរងមកពីខេត្ត និង សិក្ខាកាមជាមន្រ្តីនគរបាលផងដែរ ។
លោកឧត្តមសេនីយទោ តុង អាន នាយកសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង បានអោយដឹងថា: សិស្សមន្រ្តីនគរបាល ដែលបានសិក្សានៅក្នុងវគ្គបណ្តុះ បណ្តាលនេះមានមន្រ្តីនគរបាលចំនួន១៧៩រូប មកពីខេត្តកំពង់ឆ្នាំង កណ្តាល ពោធិសាត់ និង រាជធានីភ្នំពេញ និង នាយកដ្ឋានចំណុះអគ្គស្នងការនគរបាលជាតិផងដែរ ។ ក្នុងការស្នាក់នៅរៀនសូត្រសិស្សនគរបាលទាំងអស់ បានចូលរួមអនុវត្តនិងគោរពត្រឹមត្រូវអំពីវិន័យរបស់សាលា ដោយបានខិតខំសិក្សារៀនសូត្រតាមជំនាញដោយទទួលបានលទ្ធផលល្អប្រសើរដែលនឹងអាចយកទៅអនុវត្តន៍បាននៅអង្គភាពជំនាញនិង នៅមូលដ្ឋានរបស់ខ្លួនបានកាន់តែប្រសើរឡើង ។
ឯកឧត្តមឧត្តម សេនីយឯក សួន ផល្លា អនុប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជាបានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អទិភាពខ្ពស់ ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញ នូវផែនការកំណែទម្រង់កងកម្លាំងនគរបាលជាប់ជាប្រចាំស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិអោយស្របទៅនឹង ការវិវឌ្ឍន៍នៃស្ថានការណ៍សន្តិសុខជាតិ និង អន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល និងស្របតាមកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានកោតសរសើរចំពោះវឌ្ឍនភាពថ្មីយ៉ាងឆាប់រហ័សរបស់សាលាគរបាលជាតិភូមិភាគ៦ ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការនៃការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ ឱ្យកាន់តែប្រសើរឡើងថែមទៀតស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំបស់សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តីនគរបាល ដែលបាន ទទួលការបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹង បទពិសោធន៍ និង ជំនាញថ្មីៗ យកទៅប្រើប្រាស់ឱ្យបានជាប្រយោជន៍ដល់អង្គភាពនិងសង្គមជាតិ និង ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណតម្លៃ ៕ ដោយ ៖ កាំង ហុងវាស្នា








