លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
ផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបនាឱកាសនោះ លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជាដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះ លោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករ ដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗចំនួន១៦ ដែលជាសមាជិករបស់សហព័ន្ធ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជាចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ៕អត្ថបទ ឈិត បូរ៉ាវី




