
អ្នកនយោបាយរាប់សិបនាក់ បានចុះឈ្មោះជាបេក្ខជនដើម្បីស្នងតំណែងលោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ជាប្រធានាធិបតីអ៊ីរ៉ង់ក្នុងការបោះឆ្នោតខែនេះ។ ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា មនុស្ស ៨០ នាក់បានចុះឈ្មោះបេក្ខភាពរបស់ពួកគេមុនថ្ងៃផុតកំណត់កាលពីថ្ងៃចន្ទ (០៣ មិថុនា) សម្រាប់ការបោះឆ្នោតថ្ងៃទី២៨ មិថុនា ដែលត្រូវបានកំណត់ បន្ទាប់ពីលោក រ៉េស៊ី បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា។
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាកឺ កាលីបាស (Mohammad Baqer Qalibaf) ដែលធ្លាប់ជាសមាជិកកងឆ្មាំបដិវត្តន៍ គឺស្ថិតក្នុងចំណោមអ្នកដែលបានចុះឈ្មោះនោះ។ លោក កាលីបាស ជាអ្នកអភិរក្សនិយមមួយរូបរបស់អ៊ីរ៉ង់ ដែលមានទំនោរទៅរកការប្រឈមមុខជាមួយលោកខាងលិច។
បេក្ខជនផ្សេងទៀតរួមមានក្រុមប្រកាន់ជំហរជាកណ្ដាល ដែលបើកចំហសម្រាប់ការសន្ទនាជាមួយលោកខាងលិច និងអ្នកកែទម្រង់ ដូចជាអតីតប្រធានសភា លោក អាលី ឡារីចានី (Ali Larijani) និងអតីតអនុប្រធានទីមួយ លោក អ៊ីសាក ចាហានហ្គីរី (Eshaq Jahangiri)។ លោកអតីតប្រធានាធិបតី ម៉ាសម៉ូដ អាម៉ាឌីណេចាដ (Mahmoud Ahmadinejad) ដែលមានប្រជាប្រិយភាពក្នុងចំណោមវណ្ណៈក្រីក្រក្នុងប្រទេស ក៏បានចុះឈ្មោះក្នុងការបោះឆ្នោតផងដែរ។
បញ្ជីបេក្ខជនចុងក្រោយត្រូវបានរំពឹងទុកនៅថ្ងៃអង្គារ សប្តាហ៍ក្រោយ បន្ទាប់ពីបេក្ខជនត្រូវបានពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល ដែលរួមមានក្រុមអ្នកច្បាប់អ៊ីស្លាម និងសមាជិកផ្សេងទៀតដែលត្រូវបានតែងតាំងដោយមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei)។ នៅក្នុងការស្ទង់មតិប្រធានាធិបតីឆ្នាំ២០២១ ឥស្សរជនប្រកាន់ជំហរកណ្ដាល និងក្រុមអ្នកកែទម្រង់ដ៏លេចធ្លោ ត្រូវបានក្រុមប្រឹក្សាអាណាព្យាបាលដកសិទ្ធិមិនឱ្យឈរឈ្មោះ ក្នុងការពិនិត្យមើលមុនការបោះឆ្នោត៕