
អាជ្ញាធររបស់ប្រទេសប៉ាពួនូវ៉ែលហ្គីណេ បានព្រមានថា ហានិភ័យ គឺមានខ្ពស់ក្នុងការមានបំណាក់ដីបន្ថែមទៀត នៅឯកន្លែងនៃគ្រោះមហន្តរាយដែលបណ្ដាលឲ្យមានអ្នកស្លាប់ដ៏ច្រើន នាពេលថ្មីៗនេះ ដោយអ្នកជំនាញរបស់រដ្ឋាភិបាលបានទាមទារឲ្យមានការជម្លៀស នៅតំបន់នោះ និងប្រកាសជា «តំបន់មិនត្រូវបានអនុញ្ញាតឲ្យមនុស្សធ្វើដំណើរទៅ»។
របាយការណ៍ផ្ទៃក្នុងព្រាងដោយនាយកដ្ឋានរុករករ៉ែ និងភូគព្ភសាស្ត្ររបស់ប្រទេសប៉ាពួនូវ៉ែលហ្គីណេ ដែលសារព័ត៌មាន AFP ទទួលបាន នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ ព្រមានថា សហគមន៍នៅតំបន់ខ្ពង់រាប ជាកន្លែងដែលមនុស្សរាប់រយនាក់ត្រូវបានគេភ័យខ្លាចថា បានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភា ចាំបាច់ត្រូវធ្វើឲ្យគ្មានប្រជាជនជាបន្ទាន់។
ដោយលើកឡើងពីហានិភ័យជាច្រើនពីការមានបំណាក់ដីបន្ថែមទៀត ផ្ទាំងថ្មរញ៉េរញ៉ៃ និងចរន្ទទឹកក្រោមដី របាយការណ៍នេះ បានព្រមានថា «តំបន់នេះត្រូវតែត្រូវបានប្រកាសថា ជាតំបន់មិនអនុញ្ញាតឲ្យមានមនុស្សចូលទៅ»។ ហើយដោយបញ្ជាក់ថា «លទ្ធភាពគឺមានខ្ពស់ពីការមានបំណាក់ដីបន្ថែមទៀត ដែលនឹងកើតឡើងនាពេលអនាគតយ៉ាងខ្លីនោះ» របាយការណ៍នេះ បានសន្និដ្ឋានថា «ការចូលណាមួយទៅកាន់តំបន់នោះ គួរតែត្រូវបានដាក់កម្រិត ដោយអ្នកជំនាញ»។
គួរបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានបោះបង់ការស្វែងរកអ្នកនៅរស់រានមានជីវិត តាមស្នាមដីប្រវែង ៦០០ម៉ែត្រ ផ្ទាំងថ្ម និងគំនរបាក់បែក ដែលបានបន្សល់ទុកដោយរបំណាក់ដី នៅលើភ្នំ Mungalo នាភាគកណ្តាលប៉ាពួនូវ៉ែលហ្គីណេ។ ប៉ុន្តែ ១២ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយនេះ អ្នកស្រុកនៅតែជីកកកាយដីភក់ជ្រៅៗ និងគាស់ថ្ម ដោយសង្ឃឹមថា នឹងអាចរកឃើញសមាជិកគ្រួសារជាទីស្រលាញ់របស់ខ្លួន៕