
ភាគហ៊ុនរបស់ម៉ិកស៊ិកបានធ្លាក់ចុះ នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ បន្ទាប់ពីលោកស្រី Claudia Sheinbaum បានទទួលជ័យជម្នះយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ (ទី២ ខែមិថុនា) ខណៈដែលគណបក្សកាន់អំណាចមើលទៅត្រៀមខ្លួន សម្រាប់ការមានសំឡេងភាគច្រើន នៅក្នុងសភា។
ទីផ្សារត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលដោយទំហំនៃការទទួលបានសំឡេងរបស់គណបក្ស Morena ហើយអ្នកខ្លះភ័យខ្លាចថា លទ្ធផលនឹងបើកផ្លូវឲ្យក្រុមចម្រុះដែលកំពុងកាន់អំណាច អនុម័តកំណែទម្រង់រដ្ឋធម្មនុញ្ញដោយមិនមានការគាំទ្រពីគណបក្សប្រឆាំង និងអាចកាត់បន្ថយការត្រួតពិនិត្យ និងតុល្យភាព។
ភាគហ៊ុនម៉ិកស៊ិក បានធ្លាក់ចុះជាង ៦ភាគរយ ខណៈប្រាក់ប៉េសូដែលបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ២០២៤ មកនោះ បានជួបប្រទះនឹងការបិទការជួញដូរប្រចាំថ្ងៃជាមួយនឹងអត្រាទាបបំផុត ចាប់តាំងពីខែវិច្ឆិកា។
ប្រធានាធិបតីជិតផុតអាណត្តិ លោក Andres Manuel Lopez Obrador បាននិយាយកាលថ្ងៃចន្ទថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសម៉ិកស៊ិក នឹងបន្តមុខតំណែងរបស់ខ្លួនមួយរយៈពេលសិន ដើម្បីជួយសម្រួលអន្តរកាលឲ្យរលូន។ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការបន្តកំណែទម្រង់សំខាន់ៗ នៅក្នុងសភា លោកបានឆ្លើយថា លោកនឹងពិភាក្សាប្រធានបទនេះជាមួយលោកស្រី Sheinbaum។
គួរបញ្ជាក់ថា លោកស្រី Sheinbaum ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ និងជាអតីតអភិបាលក្រុងម៉ិកស៊ិកូ បានសន្យាថា នឹងពង្រីកគោលនយោបាយសុខុមាលភាពរបស់លោកស្រី ទោះបីជាវាអាចបង្ហាញថា ជាកិច្ចការដ៏លំបាកមួយ ដោយពិចារណាលើឱនភាពថវិកាដ៏ច្រើនរបស់ប្រទេស និងកំណើនសេដ្ឋកិច្ចទាបក៏ដោយ៕