មីយ៉ាន់ម៉ា៖ ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃចន្ទ ទី៩ សីហាថា ផែនការដែលត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ប្រឆាំងនឹងឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោក Kyaw Moe Tun ដែលជាគូប្រជែងរបស់របបសឹកកំពុងកាន់អំណាច មិនមានអ្វីពាក់ព័ន្ធនឹងប្រទេសនេះទេ និងជាករណីក្នុងស្រុករបស់អាមេរិក។ នេះគឺជាសេចក្ដីថ្លែងការណ៍ដំបូងរបស់រដ្ឋាភិបាលយោធា ចាប់តាំងពីការចាប់ខ្លួនពលរដ្ឋមីយ៉ាន់ម៉ា ២នាក់ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ។
របបសឹកបានច្រានចោលការអត្ថាធិប្បាយ ដែលត្រូវបានថ្កោលទោសដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield។ សេចក្ដីថ្លែងការណ៍នេះបានអាននៅលើកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ថា ព្រឹត្តិការណ៍នេះគឺជាសំណុំរឿងក្នុងស្រុកមួយនៅសហរដ្ឋអាមេរិក។ ការជំនុំជម្រះត្រូវតែធ្វើឡើងនៅសហរដ្ឋអាមេរិក យោងតាមច្បាប់របស់សហរដ្ឋអាមេរិក។ សារព័ត៌មាន Reuters មិនអាចទាក់ទងអ្នកនាំពាក្យរបបសឹក ដើម្បីសុំប្រតិកម្មបន្ថែមចំពោះផែនការដែលបានចោទប្រកាន់នោះទេ។
សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ទី៧ ខែសីហា បានថ្កោលទោសចំពោះផែនការអវិជ្ជមាន ក្នុងបំណងវាយប្រហារឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដោយនិយាយថា វាជាគំរូមិនល្អមួយសម្រាប់មេដឹកនាំ និងអ្នកគាំទ្រដែលមានបំណងប្រឆាំងនៅជុំវិញពិភពលោក។ ក្រុមអាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ពលរដ្ឋមីយ៉ាន់ម៉ា ២នាក់ត្រូវបានចាប់ខ្លួននៅរដ្ឋញូវយ៉ក ពីបទរៀបចំគម្រោងជួញដូរអាវុធនៅប្រទេសថៃ ដែលលក់អាវុធទៅឱ្យយោធាមីយ៉ាន់ម៉ាដើម្បីសម្លាប់ ឬធ្វើឱ្យរបួសឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ៕
អត្ថបទ៖ សុខមាន