ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានលើកឡើងថា រាល់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនអាចជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។ ការលើកឡើងនេះធ្វើឡើង ក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤នេះ។
នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល បានសម្រេចបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានដាក់ចេញ នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំនួន ៣។ វិធានការទាំង ៣នោះរួមមាន៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីស៊ីវិល (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។
បន្ថែមលើនេះ ក្នុងនាមលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ត្រូវសម្របសម្រួលការអនុវត្តឱ្យបានចប់សព្វគ្រប់នូវការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងដែរថា ក្នុងករណីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនបានអនុវត្តការពិនិត្យឡើងវិញរចនាសម្ព័ន្ធ និងការវិភាគមុខងារ មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្រ្តីរាជការស៊ីវិលឡើយ។
សម្រាប់ការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានរៀបចំនិយាមស្តីពីនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យ។ ក្រសួងបានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ចំនួន៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន ៩៧៥នាក់ និងកំពុងដំណើរការជ្រើសរើសជាបន្តបន្ទាប់។
ចំពោះវគ្គបណ្ដុះបណ្ដាល ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា សម្ព័ន្ធក្រសួង-ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង-ស្ថាប័ន ជាជំហានមួយទៀតក្នុងការសម្រេចឱ្យបាននូវការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីគាំទ្រដល់ក្រសួង-ស្ថាប័ន នៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យក្រសួង-ស្ថាប័ន ឱ្យប្រពឹ្រត្តទៅដោយរលូនទាន់ពេលវេលា ប្រសិទ្ធភាព និងសម្រេចលទ្ធផលតាមការរំពឹងទុក នៅត្រឹមឆមាសទី១ ឆ្នាំ២០២៤។
អត្ថបទ៖គឹមហុក









