
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា បម្រែបម្រួលអាកាសធាតុ ទំនងជាធ្វើឲ្យកើនឡើងទ្វេដងគ្រោះទឹកជំនន់កាលពីពេលថ្មីៗកន្លងទៅនេះ នៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល ក្នុងនោះបាតុភូតធម្មជាតិអែល នីញ៉ូ ក៏បានធ្វើឲ្យកើតមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។
ក្រុមអាជ្ញាធរ បានចាត់ទុកគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយព្យុះ និងទឹកជំនន់ វាយប្រហាររដ្ឋភាគខាងត្បូង Rio Grande do Sul កាលពីខែមុន ដោយបានសម្លាប់មនុស្សជាង ១៧០នាក់ និងមនុស្សជិត ៥៨ម៉ឺននាក់ បានជម្លៀសខ្លួន ។
ក្រុមអ្នកជំនាញនិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីល គឺជាហេតុការណ៍ដ៏កម្របំផុត ហើយវាទំនងជាកើតឡើងតិចជាងនេះ បើសិនជាគ្មានបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារហ្វូស៊ីលឥន្ធនៈ ។
អ្នកស្រី Lincoln Alves គឺជាអ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថានជាតិស្រាវជ្រាវវិទ្យាសាស្រ្តប្រេស៊ីល និយាយថា ការរកឃើញទាំងនេះស្របតាមអ្វីដែលពួកយើងសង្កេត គឺអាកាសធាតុកាន់តែក្តៅជាងមុន ។
អ្នកស្រីបន្តថា បាតុភូតធម្មជាតិអែល នីញ៉ូ ដែលបានធ្វើឲ្យសីតុណ្ហភាពឡើងខ្ពស់ ភ្លៀងធ្លាក់ខ្លាំង និងហានិភ័យទឹកជំនន់តាមតំបន់មួយចំនួននៅអាមេរិក ក៏បានរួមចំណែកនៅក្នុងគ្រោះមហន្តរាយកាលពីពេលថ្មីៗនេះផងដែរ ដោយវាបានធ្វើឲ្យកើតមានភ្លៀងធ្លាក់កាន់តែខ្លាំងជាងមុនច្រើន ៕