
លោកប្រធានាធិបតី ចូ បៃដិនកាលពីថ្ងៃចន្ទ បានជំរុញឲ្យមេដឹកនាំដែលកំពុងកាន់អំណាចរបស់ប្រទេសកាតា លោក Sheikh Tamim Bin Hamad Al Thani ដាក់សម្ពាធក្រុមហាម៉ាស ឲ្យទទួលយកសំណើបទឈប់បាញ់ ដែលអ៊ីស្រាអែលបានផ្តល់ជូន។
មេដឹកនាំទាំងពីរ បានធ្វើការសន្ទនាគ្នាតាមទូរស័ព្ទ អំឡុងពេលដែលពួកគេ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ គឺត្រូវយកមកពិភាក្សា ហើយថា ជំហានបន្ទាប់ គឺក្រុមហាម៉ាសទទួលយកវា។
លោកប្រធានាធិបតី បៃដិន កាលពីថ្ងៃសុក្រ បានប្រកាសលក្ខខណ្ឌនៃសំណើដែលដឹកនាំដោយអ៊ីស្រាអែលដែលរួមមានផែនទីផ្លូវបីផ្នែក ដើម្បីបញ្ចប់ការប្រយុទ្ធ និងការដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ទាំងអស់ ជាសញ្ញាបង្ហាញដ៏រឹងមាំបំផុត ដែលមិនទាន់បញ្ចប់សង្គ្រាម ចាប់តាំងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។
យោងតាមសេចក្តីថ្លែងអំពីការសន្ទនានោះ លោកប្រធានាធិបតី បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់អ៊ីស្រាអែល ក្នុងការឈានទៅមុខជាមួយលក្ខខណ្ឌដែលត្រូវបានផ្តល់ជូនក្រុមហាម៉ាស។ លោកបានជំរុញឲ្យលោក Amir Tamim ប្រើវិធានការសមស្របទាំងអស់ ដើម្បីធានាឲ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងនេះ ហើយបានបញ្ជាក់ថា ឥឡូវនេះ ក្រុមហាម៉ាស គឺជាឧបសគ្គតែមួយគត់ចំពោះបទឈប់បាញ់ និងការសង្គ្រោះពេញទំហឹងសម្រាប់ប្រជាជនហ្កាហ្សា»។
លោក បៃដិន បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានផ្តល់កិច្ចព្រមព្រៀងនេះ បន្ទាប់ពីមានការសន្ទនាជាមួយសហរដ្ឋអាមេរិក និងមេដឹកនាំនៃប្រទេសកាតា និងអេហ្ស៊ីប ក៏ដូចជាបណ្តាប្រទេសមជ្ឈិម បូព៌ាដទៃទៀត។ សំណើនេះ ត្រូវបានបញ្ជូនទៅកាន់ក្រុមហាម៉ាសតាមរយៈកាតាកាលពីថ្ងៃព្រហស្បតិ៍។