
យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមជាតិ(NWS) បានឲ្យដឹងថា តំបន់ភាគខាងលិចជាច្រើនរបស់សហរដ្ឋអាមេរិក ប្រឈមនឹងរលកកម្តៅខុសរដូវដ៏គ្រោះថ្នាក់ ពេលដែលសីតុណ្ហភាពឡើងខ្ពស់បំផុតជាប់កំណត់ត្រានៅតំបន់ជ្រលងភ្នំ Central Valley ស្ថិតក្នុងរដ្ឋ California ។
NWS បានចេញការព្រមានរលកកម្តៅហួសប្រមាណនៅជ្រលងភ្នំ Central Valley ចាប់ពីព្រឹកថ្ងៃអង្គារ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ។ គេរំពឹងថា សីតុណ្ហភាព នឹងកើនឡើងចន្លោះពី ៣៥អង្សាសេ រហូតដល់ ៣៨អង្សាសេ ។
លោក Daniel Swain គឺជាអ្នកវិទ្យាសាស្រ្តអាកាសធាតុមកពីសាកលវិទ្យាល័យ Southern California ស្ថិតក្នុងទីក្រុង Los Angeles និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ហេតុការណ៍នេះ គឺដូចគ្នានឹងរលកកម្តៅកើតឡើងនៅម៉ិកស៊ិកដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។
លោក Swain បន្តថា គ្រោះថ្នាក់សំខាន់នៃអាកាសធាតុក្តៅនៅដើមខែមិថុនា គឺថាមនុស្សពុំធ្លាប់ដែលជួបអាកាសធាតុក្តៅបែបហ្នឹងនោះទេ ហើយរលកកម្តៅនេះ ទំនងជាធ្វើឲ្យកើតមានភ្លើងឆេះព្រៃផងដែរ ។ វាបង្ហាញសូចនាករផងដែរថា រដូវក្តៅកាន់តែមានរយៈយូរ និងក្តៅជាងមុន ៕