
ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំចំពោះនរណាម្នាក់ដែលប្រើប្រាស់ភាពចលាចលនយោបាយ នៅទីលានធានអានមេន កាលពីទសវត្សរ៍ឆ្នាំ១៩៨៩ ជាលេស ដើម្បីវាយប្រហារ ឬលាបពណ៌ខ្លួន។
ដើម្បីជាការឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Penny Wong ស្ដីពីការតវ៉ា និងការបង្រ្កាបកាលពី ៣៥ឆ្នាំមុន និងការអំពាវនាវរបស់ពួកគេ ជុំវិញសេរីភាពសារព័ត៌មានរបស់ប្រទេសចិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការសន្និដ្ឋានច្បាស់លាស់ អំពី «ភាពចលាចលនយោបាយ» ត្រូវបានធ្វើឡើងយ៉ាងស្រេចបាច់ជាយូរមកហើយ ហើយថា ចិនប្រឆាំងចំពោះប្រទេសមួយចំនួនដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ជាមួយគ្នានេះ លោកស្រី Wong បានគូសបញ្ជាក់ពី «ការប្រើប្រាស់កម្លាំងឥតប្រណីមេត្តា» ប្រឆាំងនឹងក្រុមបាតុករនិស្សិត ហើយបាននិយាយថា ប្រទេសរបស់លោកស្រី នៅតែមានក្ដីបារម្ភ អំពីការរឹតបន្តឹងដែលកំពុងបន្តមានរបស់ប្រទេសចិនលើសិទ្ធិបុគ្គល។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ រថក្រោះរបស់ចិនបានទៅដល់ទីលានធានអានមេន នៅមុនពថ្ងៃរះ ដើម្បីបញ្ឈប់ការតវ៉ារបស់និស្សិត និងកម្មករជាច្រើនសប្តាហ៍។ ព្រឹត្តិការណ៍ថ្ងៃទី៤ ខែមិថុនា នៅតែជាប្រធានបទហាមឃាត់ នៅក្នុងប្រទេសចិន ខណៈដែលបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចមិនធា្លប់បានបញ្ចេញឲ្យដឹងនូវចំនួនអ្នកស្លាប់នោះឡើយ ទោះបីជាក្រុមសិទ្ធិមនុស្ស និងសាក្សី និយាយថា តួលេខអាចមានដល់រាប់ពាន់នាក់ក៏ដោយ៕