សៀមរាប ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ ក្នុងរយៈពេល៩ខែឆ្នាំ ២០២០នេះ ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២១ ។ ការបង្ហាញពីវឌ្ឍនភាពការងារប្រតិបត្ដិការ៩ខែនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាមួយ នៅខេត្ដសៀមរាប នាថ្ងៃទី០១ ខែតុលា ម្សិលមិញនេះ ។
ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ចាប់ពីខែមករា ដល់ខែកញ្ញា ពោល៩ខែឆ្នាំ២០ ២០នេះ ស៊ីម៉ាក់រំដោះគ្រាប់មីន និងយុទ្ធភណ្ឌផ្ទុះនៅលើផ្ទៃដីជិត៦០គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង២ម៉ឺន៨ពាន់គ្រាប់ ហើយបានកម្ទេចចោលរួចរាល់ជាស្ថាពរ។ គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ភាគច្រើនត្រូវបានរកឃើញនៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសកម្ពុជា ដែលសល់ពីអំឡុងពេលកម្ពុជាមានសង្គ្រាមកាលពីសម័យឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៧។ ការរំដោះផ្ទៃដីចេញពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌនេះ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ បើធៀបនឹងរយៈពេលដូចគ្នា បើទោះបីកម្ពុជាជួបវិបត្ដិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ក៏ដោយ។
ជាមួយគ្នានោះដែរ ស៊ីម៉ាក់ បានធ្វើសកម្មភាពអប់រំដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីបញ្ហាមីន ដែលមានអ្នកចូលរួមប្រមាណជាង៧០ម៉ឺននាក់ នៅបណ្ដាភូមិគោលដៅរបស់អង្គការស៊ីម៉ាក់។ ស៊ីម៉ាក់ ក៏បានហ្វឹកហ្វឺនវិជ្ជាជីវៈ និងកសាងសមត្ថភាពមន្ត្រី ព្រមទាំងហ្វឹកហ្វឺន ដល់សុនកហិតមីន សិក្សាស្រាវជ្រាវបច្ចេកទេសផ្សេងទទួលបានជោគជ័យផងដែរ។
ឯកឧត្ដម ហេង រតនា បានឲ្យដឹងបន្ដថា ក្នុងអំឡុងពេលកម្ពុជា គ្មានជំងឺកូវីដ-១៩ ក្នុងមួយឆ្នាំស៊ីម៉ាក់រុករកឃើញគ្រាប់គ្រប់ភេទក្នុងចន្លោះពី៤ម៉ឺនគ្រាប់ទៅ៥ម៉ឺន ហើយនៅក្នុងឆ្នាំ២០២០នេះ អាចនឹងរុករកឃើញគ្រាប់មីនប្រហាក់ប្រហែលគ្នាដែរ ព្រោះ៩ខែនេះ បានជិត៣ម៉ឺនគ្រាប់ហើយ។
ឯកឧត្តម បញ្ជាក់ថា ការសំអាតមីននេះ នៅក្នុងអំឡុងជំងឺកូវីដ១៩នេះ មិនបានរាំងស្ទះដល់សកម្មភាពការងារនោះទេ ប៉ុន្តែក្រុមការងារបានជួបប្រទះបញ្ហាប្រឈមមួយចំនួន ដែលបណ្តាលមកពីការព្រួយបារម្ភរបស់ម្ចាស់ជំនួយ ដែលខ្លាចមានការរីករាលដាលអំពីជំងឺកូវីដ១៩ ដល់ក្រុមប្រតិបត្តិការ។ ប៉ុន្តែទោះយ៉ាងនេះក្តី ឯកឧត្តម បញ្ជាក់ថា បន្ទាប់ពីមានការពន្យល់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគនេះ ក្រុមម្ចាស់ជំនួយពួកគាត់បានយល់ និងបន្តគាំទ្រជាបន្តទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅដោយយកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជា លែងមានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ បើទោះជាយ៉ាងនេះក្តី ឯកឧត្តមពន្យល់ថា លែងមានការគំរាមកំហែងដោយសារមីន មិនមែនមានន័យថា ស៊ីម៉ាក់បញ្ចប់សកម្មភាពទេ ព្រោះនៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនទៀតដែលមិនទាន់បានដោះស្រាយ៕
អត្ថបទ ៖ ឈិត សាវី



