វាយកូនបាល់៖ កីឡាករវាយកូនបាល់វ័យក្មេងអ៊ីតាលី Jannik Sinner បានគ្រងជើងឯកធំបំផុតក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះកីឡាករអាមេរិក Mackenzie McDonald នៅវគ្គផ្តាច់ព្រ័ត្រលើកពាន Citi Open។

កីឡាករវ័យ ១៩ឆ្នាំអ៊ីតាលីរូបនេះបានយកឈ្នះក្នុងលទ្ធផល ២សិតទល់នឹង ១ ពិន្ទុ ៧-៥, ៤-៦ និង ៧-៥ ដើម្បីលើកពាន ATP លើកទី៣ ក្នុងអាជីព។ Jannik Sinner ក៏បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលឈ្នះជើងឯកក្នុងក្របខណ្ឌ ATP 500 ផងដែរតាំងពីចាប់ផ្តើមបង្កើតឡើងដំបូងនៅឆ្នាំ២០០៩។ Jannik Sinner គឺជាកីឡាករលេខ ១ ពិភពលោកគិតក្នុងក្របខណ្ឌយុវជន និងឈរលេខ ២៤ ពិភពលោកក្នុងលំដាប់ថ្នាក់ទូទៅ។
ជ័យជំនះនៅសហរដ្ឋអាមេរិកនេះនឹងធ្វើឱ្យ Jannik Sinner ឡើងមកកាន់លំដាប់ថ្នាក់លេខ ១៥ ពិភពលោកដែលជាលំដាប់ថ្នាក់ខ្ពស់បំផុតក្នុងអាជីព ខណៈកីឡាករអាមេរិក Mackenzie McDonald ការឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ នឹងធ្វើឱ្យគេឡើងពីលំដាប់ពិភពលោកលេខ ១០៧ មក ៦៤។ រំលឹកថា កន្លងមកកីឡាករលេខ ៥ ពិភពលោក Alexander Zverev គឺជាជើងឯកវ័យក្មេងបំផុតនៅក្នុងក្របខណ្ឌ ATP 500 នេះនៅពេលឈ្នះជើងឯកនៅទីក្រុង Washington ឆ្នាំ២០១៧ ក្នុងវ័យ ២០ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ