ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តក្នុងខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា យោងតាមស្ថានភាពដែលបានកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់រន្ទះបាញ់ គឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ស្របពេលរដូវវស្សាមកដល់។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងស្ថានប័នត្រូវសិក្សារកទីតាំងជាក់លាក់ដែលជាតំបន់ងាយរងគ្រោះដោយសារគ្រោះថ្នាក់រន្ទះបាញ់ ដើម្បីដំណើរការសាកល្បងក្នុងការដំឡើងនូវឧបករណ៍ការពាររន្ទះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អះអាងថា នាពេលខាងមុខនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣ ៕ ដោយ ៖ ឧត្ដម






