ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ គឺគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈច្រើនជាងគេ។
បើតាម ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់BTV នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ថា ក្នុងពេលដែល គ.ជ.ប រៀបចំប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤តាមបណ្តាគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត។
ពាក់ព័ន្ធនឹងលទ្ធផលផ្លូវការនេះ ឯកឧត្តម បញ្ជាក់ថា ក្នុងចំណោមអាសនៈក្រុមប្រឹក្សារាជធានីខេត្តចំនួនជាង៥០០អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបាន៥០៤អាសនៈ ខណៈអាសនៈក្រុមប្រឹក្សាក្រុង ស្រុក និងខណ្ឌ ក៏គណបក្សប្រជាជនកម្ពុជាឈរលើលំដាប់ខ្ពស់ជាងបណ្តាគណបក្សនយោបាយផ្សេងទៀត។
ជាមួយគ្នា ឯកឧត្តម បានស្នើដល់សមាជិកក្រុមប្រឹក្សាដែលជាប់ឆ្នោតក្នុងអាណត្តិទី៤ ត្រូវអនុវត្តសហការជាមួយគណៈអភិបាលទភតាមឋានុក្រម ដោយឈរលើស្មារតីទទួលខុសត្រូវបម្រើជាតិ សាសនា ព្រះមហាក្សត្រ ហើយត្រូវជំរុញការបម្រើសេវាឱ្យបានកាន់ប្រសើរជូនប្រជាពលរដ្ឋ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៥ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ខណៈអ្នកបោះឆ្នោតបានចូលរួមសរុបចំនួន ១១,៥៩៨ ស្មើ ៩៩,៧៩ ភាគរយ៕
អត្ថបទ ៖ សេក ឧត្តម



