
មន្ត្រីប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ នៅតំបន់វេសបែងកាលពីថ្ងៃចន្ទ ខណៈដែលនគរបាលអ៊ីស្រាអែល បានបញ្ជាក់ថា ភ្នាក់ងារសម្ងាត់ បានសម្លាប់បុរសម្នាក់ នៅក្នុងទឹកដីនេះ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងរ៉ាហ្វា បានដាក់ឈ្មោះអ្នកស្លាប់ថា Adam Salahuddin Mansour Faraj អាយុ ២៣ ឆ្នាំ និង Mutaz Khaled Sadiq Nabulsi អាយុ ២៨ឆ្នាំ។
នគរបាលអ៊ីស្រាអែល បាននិយាយថា មន្ត្រីសម្ងាត់ទាំងនោះ បានសម្លាប់ «បុរសវ័យចំណាស់ម្នាក់» ដែលគេតាមស្វែងរកចាប់ខ្លួន នៅក្នុងជំរំជនភៀសខ្លួន Balata ក្បែរទីក្រុង Nablus។
កងកម្លាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មន្ត្រីសម្ងាត់ទាំងនោះ បានចូលទៅក្នុងតំបន់ក្បែរជំរំជនភៀសខ្លួន ទាំងថ្ងៃត្រង់ ហើយបានបិទនៅក្នុងសាលព្រឹត្តិការណ៍មួយ ដែលមនុស្សគេតាមស្វែងរកចាប់ខ្លួននោះ កំពុងស្នាក់នៅ»។
ភ្លាមៗនៅពេលដែលមនុស្សដែលគេតាមស្វែងរកចាប់ខ្លួននោះ បានឃើញភ្នាក់ងារទាំងនោះ គាត់បានចាប់ផ្តើមព្យាយាមរត់គេចខ្លួន ទៅលើដំបូលអគារ ដោយមានអាវុធនៅក្នុងដៃរបស់គាត់។
សេចក្តីថ្លែងការណ៍ បាននិយាយថា ភ្នាក់ងារសម្ងាត់នោះ បានសម្លាប់មនុស្សដែលគេតាមស្វែងរកចាប់ខ្លួននោះ បានដោយការបាញ់ប្រហារ នៅលើដំបូល ដោយមិនកំណត់អត្តសញ្ញាណគាត់ទេ។