
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី៤ ខែមិថុនា) នេះ បានលើកឡើងថា ប្រទេសរុស្ស៊ីស្វាគមន៍ ចំពោះឆន្ទៈរបស់ប្រទេសទួរគី ដែលពិចារណាចង់ចូលរួមជាមួយប្លុក BRICS ខណៈពេលដែលរង់ចាំការសម្រេចចិត្ត ស្តីពីសមាជិកភាពរបស់ខ្លួន នៅក្នុងសហភាពអឺរ៉ុប (EU)។
ដោយនិយាយនៅឯសន្និសីទសារព័ត៌មាន លោក Peskov បានប្រាប់ថា បញ្ហានេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់សម្ព័ន្ធភាពដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Kazan ចន្លោះថ្ងៃទី២២ និងទី២៤ ខែតុលា។ លោកបានបន្ថែមថា ប្លុក BRICS កំពុងទន្ទឹងរង់ចាំ «បន្តទំនាក់ទំនងជាមួយប្រទេសដែលចាប់អារម្មណ៍ទាំងអស់»។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានបង្ហើបឲ្យដឹងពីការពិចារណារបស់ទីក្រុងអង់ការ៉ា ដែលចង់ចូលរួមជាមួយ BRICS អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន៕