
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងក្រុមមេដឹកនាំប្រទេសអាហ្វ្រិកនៅថ្ងៃអង្គារនេះ បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការធុរកិច្ច ហើយនិងបានសន្ទនាគ្នាពីបញ្ហារ៉ែសំខាន់ៗ ដោយមានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពលើធនធាននៅទ្វីបមួយនេះ ។
ពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកដំបូងពុំធ្លាប់មានពីមុនជាមួយក្រុមមេដឹកនាំមកពី ៤៨ប្រទេសនៅអាហ្វ្រិក លោក Yoon និយាយថា កូរ៉េខាងត្បូងនឹងបង្កើនជំនួយអភិវឌ្ឍសម្រាប់អាហ្វ្រិកដល់ ១០ពាន់លានដុល្លារ ក្នុងរយៈពេលជាង ៦ឆ្នាំក្រោយ ស្របពេលពួកគេចង់បានធនធានរ៉ែដ៏សម្បូរនៅទ្វីបមួយនេះ និងចង់ធ្វើជាទីផ្សារនាំចេញធំរបស់ពួកគេ ។
លោកបានសន្យាផ្តល់ថវិកា ១៤ពាន់លានដុល្លារ ក្នុងហិរញ្ញប្បទាននាំចេញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទុនសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅអាហ្វ្រិក ។
អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Yoon ប្រធានាធិបតីម៉ូរីតានី និងជាប្រធានសហភាពអាហ្វ្រិកលោក Mohamed Ould Ghazouani បាននិយាយថា ប្រទេសអាហ្វ្រិកចង់ដកបទពិសោធន៍ពីកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍធនធានមនស្ស ឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូរឌីជីថល ៕