
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោកស្រី Nancy Faeser បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រី បានបង្កើនការរឹតបន្តឹងផ្នែកសន្តិសុខ មុនពេលចាប់ផ្តើមការប្រកួតបាល់ទាត់ដណ្តើមជើងឯកអឺរ៉ុប Euro 2024 នៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ ពោលគឺពួកយើងត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់ការគំរាមកំហែងពីក្រុមអ៊ីស្លាម ក្រុមជនអន្ធពាល ជនបង្កអំពើហិង្សា និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។
លោក Faeser ថា គ្មានការចង្អុលបង្ហាញជាក់លាក់ណាមួយនៃការគំរាមកំហែងនោះទេ ប៉ុន្តែអាល្លឺម៉ង់នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យព្រឹត្តការណ៍បាល់ទាត់មួយនេះ មានសុវត្ថិភាព ហើយអង្គការភេរវកម្មរដ្ឋអ៊ីស្លាមនៅខេត្ត Khorasan បច្ចុប្បន្នជាការគំរាមកំហែងអ៊ីស្លាមខ្លាំងជាងគេក្នុងប្រទេសអាល្លឺម៉ង់ ។
បោះទោះបីជាបែបនេះក៏ដោយ លោកស្រី Faeser និយាយថា អាល្លឺម៉ង់នឹងទន្ទឹងស្វាគមន៍ក្រុមអ្នកគាំទ្របាល់ទាត់រាប់លាននាក់ដែលចង់អបអរព្រឹត្តការណ៍បាល់ទាត់អឺរ៉ុបនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនឹងរៀបចំឡើងនៅក្នុងទីក្រុង Munich ៕