
តុលាការទីក្រុងម៉ាឌ្រីដ បានកោះហៅលោកស្រី Begona Gomez ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញឲ្យចូលខ្លួនទៅបង្ហាញមុខ នៅចំពោះមុខចៅក្រម នាថ្ងៃពុធ (ទី៥ ខែកក្កដា) ជុំវិញការចោទប្រកាន់ពីបទពុករលួយ និងការប្រើឥទ្ធិពលលើអាជីវកម្ម ជាទង្វើដែលជំរុញឲ្យនាយករដ្ឋមន្ត្រី លោក Pedro Sanchez ពិចារណាដល់ការលាលែងពីតំណែងក្នុងខែមេសា។
ក្រុមស៊ើបអង្កេតតុលាការ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា សំណើកោះហៅនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតបឋមថា តើលោកបានប្រើតួនាទីរបស់ខ្លួន ដើម្បីមានឥទ្ធិពលលើការធ្វើអាជីវកម្មដែរ ឬយ៉ាងណា។
កាលពីចុងខែមេសា លោក Sanchez បាននិយាយថា លោកនឹងបន្តកាន់តំណែងដដែល បន្ទាប់ពីបានសម្រាករយៈពេល ៥ថ្ងៃពីកាបំពេញតព្វកិច្ច ដើម្បីពិចារណាការលាលែងពីតំណែង ចំពេលមានការស៊ើបអង្កេតរបស់តុលាការលើភរិយារបស់លោក ដែលលោកបាននិយាយថាគ្មានមូលដ្ឋាន និងរៀបចំដោយគូប្រជែងនយោបាយពួកស្តាំនិយម។
អាជ្ញាធរអយ្យការរបស់ទីក្រុងម៉ាឌ្រីដ បានជំរុញឲ្យទម្លាក់ករណីនេះចោល ដោយសារតែកង្វះខាតភស្តុតាង ប៉ុន្តែត្រូវបានបដិសេធដោយចៅក្រមស៊ើបអង្កេត។
ករណីនេះត្រូវបានលើកឡើងមកនៅក្នុងពាក្យបណ្តឹងឯកជន ដោយក្រុម Manos Limpias ឬ Clean Hands ដែលជាក្រុមសកម្មជនប្រឆាំងអំពើពុករលួយដឹកនាំដោយលោក Miguel Bernad ជាមេធាវី និងអ្នកនយោបាយដែលបានឈរឈ្មោះជាបេក្ខជនតំណាងគណបក្សស្តាំនិយម ក្នុងការបោះឆ្នោត នៅអឺរ៉ុប។
ក្រុម Manos Limpias បានចោទប្រកាន់ថា លោក Begona Gomez បានប្រើឥទ្ធិពលរបស់ខ្លួន ក្នុងនាមជាភរិយារបស់នាយករដ្ឋមន្ត្រី ដើម្បីទទួលបានការឧបត្ថម្ភ សម្រាប់វគ្គសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យដែលលោកស្រីបានមើលការខុសត្រូវ៕