លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអះអាងពីជ័យជម្នះក្នុងការបោះឆ្នោតសម្រាប់គណបក្សរបស់លោក និងសម្ព័ន្ធភាពរបស់ខ្លួនកាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ប៉ុន្តែក្រុមប្រឆាំងបាននិយាយថា ពួកគេបានដាក់ទោសដល់គណបក្សកាន់អំណាច ដោយធ្វើឱ្យមានការព្យាករណ៍ខុស និងកាត់បន្ថយសំឡេងភាគច្រើនក្នុងសភារបស់ពួកគេ។ លោក Modi បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រជាជនបានដាក់ជំនឿរបស់ពួកគេលើសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ជាលើកទីបីជាប់ៗគ្នា។នេះគឺជាជោគជ័យក្នុងប្រវត្តិសាស្ត្រឥណ្ឌា។

លោក Modi ត្រូវបានទទួលស្វាគមន៍ក្នុងពិធីយ៉ាងអធិកអធម កាលពីថ្ងៃអង្គារ នៅពេលលោកបានទៅដល់ទីស្នាក់ការគណបក្ស ក្រោយជ័យជម្នះក្ដោបក្ដាប់អំណាចអាណត្តិទី៣ រយៈពេល៥ឆ្នាំ បន្តទៀត។ហើយលោកបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោក។
ការរាប់សន្លឹកឆ្នោត ដែលជិតបញ្ចប់កាលពីយប់ថ្ងៃអង្គារ បានបង្ហាញឱ្យឃើញថា សម្ព័ន្ធភាពរបស់លោកModiបានទទួលជ័យជម្នះ ទោះបីជាមានសំឡេងភាគច្រើនស្ដួចស្ដើងគួរឱ្យភ្ញាក់ផ្អើលក៏ដោយ។
ព្រោះតែមិនដូចការបោះឆ្នោតពីរអាណត្តិមុន គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata (BJP) របស់លោក Modi នឹងត្រូវការដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដើម្បីឆ្លងផុតសំឡេងភាគច្រើន ២៧២ អាសនៈ នៅក្នុងសភាជាន់ទាបដែលមានអាសនៈសរុបចំនួន ៥៤៣ នេះបើយោងតាមការរាប់សន្លឹកឆ្នោតដែលកំពុងបន្ត។
លោក Modi បានកំណត់គោលដៅជាង៤០០ អាសនៈសម្រាប់សម្ព័ន្ធប្រជាធិបតេយ្យជាតិរបស់លោកប៉ុន្តែបច្ចុប្បន្នកំពុងនាំមុខត្រឹមតែប្រហែល ២៩០ អាសនៈប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលទើបរាប់បានប្រមាណបីភាគបួន។
គណបក្ស BJP ខ្លួនឯងកំពុងនាំមុខក្នុងអាសនៈចំនួន២៣៩ បើធៀបនឹង ៣០៣ អាសនៈ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។
ការបោះឆ្នោត៧ ដំណាក់កាលបានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមេសា ហើយបានបញ្ចប់នៅថ្ងៃទី ១ ខែមិថុនាថ្មីៗនេះ ដោយមានអ្នកទៅបោះឆ្នោតជាង ៦៤០ លាននាក់ នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក៕