ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា មេដឹកនាំអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) អាចនឹងធ្វើឱ្យការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា មានភាពជាប់គាំងដោយសារហេតុផលនយោបាយ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី ថែម (Time) ចេញផ្សាយកាលពីថ្ងៃអង្គារ (០៤ មិថុនា)។

ការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៨ ឧសភា នេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃមុនពេលលោក បៃដិន រៀបរាប់លម្អិតអំពីសំណើបទឈប់បាញ់នៅហ្កាហ្សា ហើយខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងជួបការលំបាកជាមួយការបែកបាក់នយោបាយយ៉ាងស៊ីជម្រៅនៅក្នុងប្រទេស។ នៅពេលត្រូវសាកសួរថាតើលោកគិតថាលោក ណេតាន់យ៉ាហ៊ូ កំពុងអូសបន្លាយសង្រ្គាមសម្រាប់ហេតុផលនយោបាយផ្ទាល់ខ្លួន ឬយ៉ាងណា លោក បៃដិន បានឆ្លើយថា «មានហេតុផលគ្រប់គ្រាន់ដែលមនុស្សគ្រប់គ្នាអាចសន្និដ្ឋានបានបែបនោះ»។

លោក បៃដិន ដែលបាននិងកំពុងជំរុញឱ្យមានការបញ្ចប់សង្រ្គាមជិតប្រាំបីខែនោះ ក៏បាននិយាយផងដែរថា គេមិនច្បាស់ទេថា តើកងកម្លាំងអ៊ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា ឬយ៉ាងណា។ លោកបានច្រានចោលការចោទប្រកាន់ដែលថាអ៊ីស្រាអែល កំពុងប្រើប្រាស់ភាពអត់ឃ្លានរបស់ជនស៊ីវិលជាវិធីសាស្រ្តនៃសង្គ្រាម ប៉ុន្តែបាននិយាយថា «ខ្ញុំគិតថាពួកគេបានចូលរួមក្នុងសកម្មភាពដែលមិនសមរម្យមួយចំនួន»។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក ដេវីដ មេនសឺ (David Mencer) ដែលត្រូវបានសួរអំពីបទសម្ភាសន៍នោះ បាននិយាយថា នោះគឺ «នៅក្រៅបទដ្ឋានការទូត» សម្រាប់លោក បៃដិន ក្នុងការធ្វើអត្ថាធិប្បាយបែបនេះអំពីលោក ណេតាន់យ៉ាហ៊ូ។ ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែល ភាគច្រើនគាំទ្រសង្គ្រាម ប៉ុន្តែបានបន្ទោសលោក ណេតាន់យ៉ាហ៊ូ ចំពោះការបរាជ័យផ្នែកសន្តិសុខ នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាស បានវាយលុកតាមសហគមន៍អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា ហើយនឹងមិនគាំទ្រលោកនោះទេ ប្រសិនបើមានការបោះឆ្នោតម្ដងទៀត៕