ស្លូវេនី បានក្លាយជាប្រទេសចុងក្រោយបង្អស់របស់សហភាពអឺរ៉ុប ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ បន្ទាប់ពីសភារបស់ខ្លួនបានអនុម័តវិធានការនេះជាមួយនឹងសំឡេងភាគច្រើនកាលពីថ្ងៃអង្គារ (០៤ មិថុនា) ដោយបានច្រានចោលការអំពាវនាវឱ្យធ្វើប្រជាមតិលើបញ្ហានេះដោយគណបក្សប្រឆាំងធំបំផុត។

រដ្ឋាភិបាលកាលពីសប្តាហ៍មុនបានសម្រេចទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពតាមជំហាននៃប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយក្នុងការសម្របសម្រួលសម្ពាធលើអ៊ីស្រាអែល ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា។
លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្កូឡូប (Robert Golob) បាននិយាយនៅលើបណ្ដាញសង្គម X ថា «ការទទួលស្គាល់ប៉ាឡេស្ទីនថ្ងៃនេះជារដ្ឋអធិបតេយ្យ និងឯករាជ្យ ផ្ញើក្តីសង្ឃឹមដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ វេសបែង (West Bank) និងហ្កាហ្សា»។
គណបក្សស្តាំនិយមប្រជាធិបតេយ្យស្លូវេនី (SDS) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតបានអះអាងថា នេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយទេ ហើយថាវិធានការរបស់រដ្ឋាភិបាលនេះនឹងគ្រាន់តែជាការលើកទឹកចិត្តដល់ «អង្គការភេរវករហាម៉ាស» ប៉ុណ្ណោះ៕

